
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សានឆេស (Pedro Sanchez) បាននិយាយកាលពីថ្ងៃចន្ទ (២៩ មេសា) ថាលោកបានសម្រេចចិត្តបន្តកាន់តំណែង បន្ទាប់ពីប៉ុន្មានថ្ងៃនៃការថ្លឹងថ្លែងជាសាធារណៈអំពីអនាគតរបស់ខ្លួន ដោយបង្កើតការធូរស្រាលក្នុងចំណោមសម្ព័ន្ធមិត្តឆ្វេងនិយម ប៉ុន្តែបង្កជាការហួសចិត្តក្នុងចំណោមសាធារណជន និងការសើចចំអកពីគូប្រជែងរបស់លោក។
សម្រែកអបអរ លាយនឹងការមិនពេញចិត្តអាចត្រូវបានគេលាន់ឮនៅតាមដងផ្លូវទីក្រុង ម៉ាឌ្រីដ (Madrid) នៅពេលដែលលោក សានឆេស បានធ្វើសេចក្តីប្រកាសរបស់ខ្លួននៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដោយនាំមកនូវភាពរំជើបរំជួលកាន់តែខ្លាំងដល់ភាពតានតឹងនយោបាយរយៈពេល ៥ ថ្ងៃ ចាប់តាំងពីលោកបាននិយាយកាលពីសប្តាហ៍មុនថាកំពុងដកខ្លួនចេញពីកាតព្វកិច្ចសាធារណៈដើម្បីសម្រេចចិត្តថាតើត្រូវឈប់ ឬបន្តកាន់តំណែង។
លោក សានឆេស វ័យ ៥២ឆ្នាំ បានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍មុន ថាលោកអាចនឹងលាលែងពីតំណែងជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតអំពើពុករលួយលើភរិយារបស់ខ្លួន ដែលលោកបានចោទថាគ្មានមូលដ្ឋានច្បាស់លាស់ និងត្រូវរៀបចំឡើយដោយគូប្រជែងនយោបាយស្តាំនិយម។ ការសម្រេចចិត្តបន្តកាន់តំណែងនេះបានបង្កើតភាពធូរស្រាលយ៉ាងខ្លាំងក្នុងចំណោមអ្នកដើរតាមលោក សានឆេស ប៉ុន្តែរឿងនេះបានទាក់ទាញការចំអកយ៉ាងខ្លាំងពីគូប្រកួតរបស់លោក។
ការខឹងសម្បារចំពោះលោក សានឆេស បានបង្កឱ្យមានភាពចលាចលនៅក្នុងនយោបាយអេស្ប៉ាញ ជាទីដែលសភាដ៏ប្រេះស្រាំមួយបានតស៊ូយ៉ាងលំបាកដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបន្ទាប់ពីការបោះឆ្នោតបិទទ្វា។ ប្រសិនបើការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញរូបនេះក្លាយជាការពិត នោះនឹងបង្ខំឱ្យមានការបោះឆ្នោតថ្មីមួយ ដែលនឹងក្លាយជាលើកទីបួនក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំ៕