
ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (៣០ មេសា) នេះបានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ពីការយាយី និងធ្វើឱ្យខូចខាតដល់នាវាមួយគ្រឿងរបស់ខ្លួននៅក្នុងតំបន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ហើយបានច្រានចោលជំហររបស់ទីក្រុងប៉េកាំង ដែលថាខ្លួនបានបណ្តេញនាវាពីរគ្រឿងចេញពីដែនទឹកដែលមានជម្លោះយ៉ាងក្តៅគគុក។
ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា នាវាពីរគ្រឿងរបស់ខ្លួនបានឈរជើងនៅថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ដែលជាសមរភូមិដ៏សំខាន់នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែមួយគ្រឿងបានរងការខូចខាតដោយសារការប្រើប្រាស់កាណុងបាញ់ទឹកដោយនាវាឆ្មាំល្បាតឆ្នេរចិនពីរគ្រឿង។
អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោក ជេយ តារៀលឡា (Jay Tarriela) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការខូចខាតនេះដើរតួជាភស្តុតាងនៃសម្ពាធទឹកដ៏ខ្លាំងក្លាដែលប្រើដោយឆ្មាំល្បាតឆ្នេរចិន ក្នុងការយាយីរបស់ពួកគេចំពោះនាវាហ្វីលីពីន»។
ពុំមានប្រទេសណាមានអធិបតេយ្យភាពលើតំបន់ ស្កាបូរ៉ូ ស្ហូល ដែលជាកន្លែងនេសាទដ៏សំខាន់ប្រើប្រាស់ដោយប្រទេសមួយចំនួននៅជិតផ្លូវដឹកជញ្ជូនធំៗនេះទេ។
ថ្មប៉ប្រះទឹកនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប៉ុន្តែប្រទេសចិន បានកាន់កាប់អស់រយៈពេលជាងមួយទស្សវត្ស រួមទាំងដែនទឹកនៅជុំវិញនោះ ដែលជាជម្រកដ៏យូរលង់សម្រាប់នាវាក្នុងអំឡុងពេលព្យុះ ហើយបានក្លាយជាកន្លែងនៃការប្រឈមមុខគ្នាជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕