ពោធិ៍សាត់ ៖ កូនឈើចំនួន ២៣២,៥០០ ដើម នឹងត្រូវដាំសម្រាប់ឆ្នាំដំបូង ក្នុងគម្រោងរេដបូកសំកុស ភូមិសាស្ត្រ ឆាយវល្លិ៍ពេន ខេត្តពោធិ៍សាត់ ដើម្បីឲ្យភពផែនដីមានបរិយាកាសល្អឡើងវិញ។ មន្ត្រីជំនាញបានបញ្ជាក់ថា កូនឈើដែលត្រូវដាំនោះមានប្រភេទដើមឈើព្រៃត្រូពិកចំនួន ១៨ ប្រភេទផ្សេងៗគ្នា ក្នុងនោះក៏មានកូនឈើចំនួន៧ ប្រភេទដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទដើមឈើដែលរងការគំរាមកំហែងជិតផុតពូជផងដែរ។
ផែនការដាំស្តារព្រៃឈើឡើងវិញនៅតំបន់ឆាយវល្លិ៍ពេន ដែលគ្រោងដាំស្ដារនៅលើផ្ទៃដីកម្មសិទ្ធិរបស់រដ្ឋសរុបទំហំ ១.០៦៥ ហត ក្នុងនោះ ដាំទំហំ ៤៦៥ ហិកតានៅជំហានទី១ និង ៦០០ ហិកតា នៅជំហានទី២នាឆ្នាំបន្ដបន្ទាប់ ដោយត្រូវដាំកូនឈើចំនួន ២៣២,៥០០ ដើមក្នុងឆ្នាំដំបូងនេះ ត្រូវបានប្រកាសឲ្យដឹងនាថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤ នៅឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់ក្នុងសិក្ខា សា លាផ្សព្វផ្សាយស្តីពីកម្មវិធីស្តារព្រៃឈើឡើងវិញ គម្រោងរេដបូកសំកុស ភូមិសាស្ត្រ ឆាយវល្លិ៍ពេន ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលស្តីទីខេត្តពោធិ៍សាត់ ។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងថា ភពផែនដីសព្វថ្ងៃដែលបានបាត់បង់ព្រៃឈើជាងពាក់កណ្តាលរួចមកហើយ ដូច្នេះចាំបាច់ត្រូវបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនិងត្រូវដាំស្តារព្រៃឈើ ដើម្បីឲ្យភពផែនដីមានបរិយាកាសល្អឡើងវិញ។
លោក វង្ស អេង អភិបាលស្រុកវាលវែង បញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមើលឃើញនូវសារសំខាន់នៃព្រៃឈើនៅស្រុកវាលវែងនេះ និងបានចេញបទបញ្ជាឲ្យរក្សាអភិរក្សព្រៃឈើ និងធនធានធម្មជាតិនៅក្នុងស្រុកវាលវែង ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូលឲ្យបានដាច់ខាតដើម្បីអេកូទេសចរណ៍ដែលនឹងនាំចំណូលសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។លោក ពៅ ពិសិដ្ឋ អភិបាលស្តីទីខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីជាប្រយោជន៍រួមរបស់ឃុំអូរសោម ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានមានភាពសកម្មក្នុងការចុះពន្យល់ប្រជា ពលរដ្ឋបានយល់ និងមិនបំពានលើដីសាធារណៈរបស់រដ្ឋ ដូចជាដីចំណីថ្នល់ដីក្នុងតំបន់ការពារធម្មជាតិជាដើម៕
អត្ថបទ ៖ ភារម្យ






