
អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃចន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស(Antonio Guterres) មានការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងការខូចខាត ដែលបណ្តាលមកពីទឹកជំនន់ដ៏គំហុកនៅទីក្រុងណៃរ៉ូប៊ី និងក្រុងផ្សេងទៀតរបស់ប្រទេសកេនយ៉ា។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា ប្រមុខអង្គការសហប្រជាជាតិ ចូលរួមរំលែកទុក្ខ និងសាមគ្គីភាពរបស់លោកចំពោះក្រុមគ្រួសារជនរងគ្រោះ និងដល់ប្រជាជន និងរដ្ឋាភិបាលរបស់ប្រទេសកេនយ៉ា។
ក្រុមការងាររបស់អង្គការសហប្រជាជាតិមានមូលដ្ឋាននៅទីនោះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកេនយ៉ា និងដៃគូរបស់ខ្លួន ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំងកាលពីដើមឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌។ លោក Dujarric បាននិយាយថា អគ្គលេខាធិការបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដែលនៅតែបន្តរបស់ស្ថាប័នពិភពលោកមួយនេះក្នុងការគាំទ្ររដ្ឋាភិបាលប្រទេសកេនយ៉ា នៅក្នុងពេលដ៏លំបាកនេះ។
យោងតាមសាក្សីបាននិយាយថា មនុស្សមួយក្រុមមកពីភូមិមួយបានឡើងជិះលើរថយន្តមួយគ្រឿង ក្នុងក្តីសង្ឃឹមថាឆ្លងកាត់ផ្លូវនៅក្បែរទន្លេមានទឹកពេញហៀរដើម្បីទៅដល់ផ្សារ ប៉ុន្តែភ្លាមៗនោះ រថយន្ត ត្រូវចរន្តទឹកហូរខ្លាំង បានហូនាំមនុស្សទាំងអស់ជិះនៅលើរថយន្តនោះ។
មន្ត្រីប្រទេសកេនយ៉ា កាលពីថ្ងៃចន្ទ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៤០ នាក់ នៅទូទាំងប្រទេសកេនយ៉ា បានស្លាប់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមខែមីនាមក ហើយមនុស្សជាង ១៨៥.០០០នាក់ បានជម្លៀសខ្លួនចេញពីលំនៅឋាន។