
ប្រទេសរុស្ស៊ី គ្រោងនឹងកំណត់គោលដៅលើប្រទេសម៉ុលដាវី ជាមួយនឹងរលកនៃការវាយប្រហារ ដែលគេហៅថា «ចម្រុះ» នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន និងការធ្វើប្រជាមតិស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប នៅចុងឆ្នាំនេះ នេះបើយោងតាមមនុស្សដែលដឹងអំពីការវាយតម្លៃព័ត៌មាន ចារកម្មរបស់ចក្រភពអង់គ្លេស។
អង់គ្លេសនឹងចែករំលែកព័ត៌មានចារកម្មជាមួយអាជ្ញាធរម៉ុលដាវី ដើម្បីជួយពួកគេទប់ទល់នឹងការគំរាមកំហែងដែលគេយល់ឃើញពីប្រតិបត្តិកររុស្ស៊ី ក្នុងប៉ុន្មានខែខាងមុខនេះ នេះបើយោងតាមមនុស្សដែលបានសុំមិនបញ្ចេញឈ្មោះដែលពិភាក្សាអំពីព័ត៌មានដ៏រសើបនេះ។ ក្រសួងការបរទេសអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ុលដូវ៉ា លោក Mihai Popșoi នឹងជួបជាមួយរដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី Nusrat Ghani នៅទីក្រុងឡុងដ៍ ដើម្បីពិភាក្សាអំពី«ការជ្រៀតជ្រែករបស់រុស្ស៊ី» ខណៈដែលរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក៏នឹងជួបគ្នាផងដែរ។
រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតនូវការជ្រៀតជ្រែកក្នុងការបោះឆ្នោតនៃប្រទេសផ្សេងៗ រួមទាំងប្រទេសម៉ុលដាវីផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា ការរិះគន់ជាសាធារណៈប្រឆាំងនឹងរុស្ស៊ីដោយមន្ត្រីម៉ុលដាវី «បានក្លាយជាទម្លាប់ប្រចាំថ្ងៃ» ទៅហើយ។
លោក Popșoi បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ កាលពីសប្តាហ៍មុនថា វិមានក្រឹមឡាំង កំពុងប្រើប្រាស់វិធានការជាច្រើន ពីការក្លែងបន្លំដ៏ជ្រៅដែលបង្កើតដោយ AI រហូតដល់កាបូបលុយ ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសម៉ុលដាវី។
លោកបានព្រមានថា៖«ប្រទេសម៉ុលដាវី នឹងអាចរងការវាយប្រហារពីសង្គ្រាមកូនកាត់របស់រុស្ស៊ី និងការជ្រៀតជ្រែក ក្នុងការបោះឆ្នោត» ដោយបន្ថែមថា «អ្វីដែលយើងឃើញនៅក្នុងប្រទេសម៉ុលដាវីឥឡូវនេទំនងជានឹងត្រូវដាក់ពង្រាយ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ នៅក្នុងបណ្តាប្រទេសដៃគូរបស់យើង នៅប្រទេសលោកខាងលិច»។