កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានតចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្ដាគោលដៅជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយនិងអប់រំណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវនានា ដើម្បីឱ្យពួកគាត់យល់ដឹងបន្ថែមទៀតអំពីច្បាប់ចរាចរណ៍ និងគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពនៅទូទាំងខេត្ត កំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រាប់ឲ្យដឹងថា: ដោយអនុវត្តទៅតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំងមន្ត្រីនគរបាលទាំង អស់តាំង
ពីថ្នាក់ខេត្តរហូតដល់ប៉ុស្តិ៍រដ្ឋបាលត្រូវអនុវត្តតាមតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនក្នុងការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យបានអំពីភូមិឃុំមានសុវត្ថិភាព។កត្តាសំខាន់ចំពោះមុខ គឺការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាតួនាទីរបស់មន្ត្រីនគរបាលចរាចរណ៍គឺត្រូវធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយដើម្បីពន្យល់អប់រំណែនាំនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដើម្បីបញ្ជៀសនិងកាត់ បន្ថយឲ្យបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានអំពាវនាវដល់បងប្អនអ្នកប្រើប្រាស់តាមដងផ្លូវថ្នល់ទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវយល់ដឹង និងស្គាល់អំពីផ្លាកសញ្ញាចរាចរណ៍ផ្សេងៗជាច្រើនដែលស្ថាប័នជំនាញបានលើកផ្លាកចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗផ្នែកខាងស្ដាំដៃនៃការធ្វើចរាចរណ៍របស់បងប្អូន ដូចជា ផ្លាកសញ្ញាហាមវ៉ាជែង, ផ្លាកសញ្ញាឱ្យបន្ថយល្បឿន, ផ្លាកសញ្ញាកំណត់ល្បឿន, ផ្លាកស ញ្ញាប្រាប់អំពីផ្លូវខ្វែង, ផ្លាកសញ្ញាហាមបត់ឆ្វេងឬស្ដាំ, ផ្លាកសញ្ញាឱ្យឈប់ជាដើម នឹងត្រូវស្គាល់ឱ្យច្បាស់អំពីផ្លាកសញ្ញាគំនូសលើទ្រូងផ្លូវដែលជាផ្លាកសញ្ញាដ៏មានសារៈសំខាន់ផងដែរ ក្នុងការធ្វើចរាចរណ៍របស់បងប្អូននៅលើដងផ្លូវ ការស្គាល់ និងអនុវត្តទៅតាមផ្លាកសញ្ញាចរាចរណ៍ទាំងអស់ខាងលើនេះ ៕ ដោយ ៖ កាំង ហុងវាស្នា





