
សេតវិមាន កាលពីថ្ងៃចន្ទ (ទី២៩ ខែមេសា) បាននិយាយថា ខ្លួនបានចាត់ការរាយការណ៍ពីតួនាទីរបស់សេវាស៊ើបការណ៍សម្ងាត់ឥណ្ឌា នៅក្នុងផែនការធ្វើឃាតចំនួន ២ករណី នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកថា ជាបញ្ហាធ្ងន់ធ្ងរ។
សារព័ត៌មាន Washington Post បានរាយការណ៍ថា មន្ត្រីម្នាក់នៅក្នុងសេវាស៊ើបការណ៍សម្ងាត់របស់ឥណ្ឌា បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងផែនការមិនជោគជ័យ ដើម្បីធ្វើឃាតពលរដ្ឋអាមេរិកម្នាក់ ដែលជាអ្នករិះគន់ឥតទប់មាត់ ចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅសហរដ្ឋអាមេរិក។ ហើយសារព័ត៌មាននេះ បានឲ្យដឹងទៀតថា មន្ត្រីរូបនេះក៏មានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់ដោយឡែកពីគ្នាលើសកម្មជនរបស់សាសនា Sikh កាលពីខែមិថុនាឆ្នាំមុន នៅប្រទេសកាណាដាផងដែរ។
ពាក់ព័ន្ធនឹងរបាយការការណ៍នេះ ក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា សេចក្ដីរាយការណ៍របស់សារព័ត៌មាន Washington Post បានធ្វើ «ការសន្មត់ដោយគ្មានហេតុផល និងគ្មានភស្តុតាង ជុំវិញបញ្ហាធ្ងន់ធ្ងរបែបនេះ» ខណៈពេលដែលទីក្រុង New Delhi កំពុងស៊ើបអង្កេតលើបញ្ហានេះ។
ចំណែកអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាបញ្ហាធ្ងន់ធ្ងរ ហើយយើងកំពុងចាត់វិធានការយ៉ាងធ្ងន់ធ្ងរ។ យើងនឹងបន្តលើកឡើងពីកង្វល់របស់យើង»។
គួររំលឹកដែរថា កាលពីខែវិច្ឆិកា អាជ្ញាធរអាមេរិកបានប្រាប់ថា មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ បានដឹកនាំផែនការប៉ុនប៉ងធ្វើឃាតលោក Gurpatwant Singh Pannun ដែលជាអ្នកបំបែកខ្លួនរបស់សាសនា Sikh និងជាពលរដ្ឋសញ្ជាតិ២ គឺសហរដ្ឋអាមេរិក និងកាណាដា។
ឥណ្ឌាបានសម្តែងការព្រួយបារម្ភអំពីការភ្ជាប់ទំនាក់ទំនង ហើយផ្តាច់ខ្លួនចេញពីផែនការនេះ ដោយនិយាយថា ខ្លួននឹងស៊ើបអង្កេតជាផ្លូវការនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងចាត់វិធានការតាមដានជាចាំបាច់៕