
តំបន់ដ៏ធំនៃទ្វីបអាស៊ី កំពុងឡើងក្ដៅខ្លាំងដោយសាររលកកម្ដៅដែលបានធ្វើឲ្យកម្រិតសីតុណ្ហភាពឡើងខ្ពស់បំផុត រាប់ចាប់ពីសហភាពមីយ៉ាន់ម៉ា រហូតដល់ប្រទេសហ្វីលីពីន ហើយបានបង្ខំឲ្យកុមាររាប់លាននាក់មិនបានទៅសាលារៀន ដោយត្រូវស្នាក់នៅតែក្នុងផ្ទះ។ ហើយនេះគឺជាសំណួរ និងចម្លើយមួយចំនួនអំពីការឡើងក្ដៅខ្លាំងបំផុត ដែលអ្នកវិទ្យាសាស្ត្រព្រមានថា នឹងកាន់តែញឹកញាប់ និងខ្លាំងឡើងៗ ដោយសារតែបម្រែបម្រួលអាកាសធាតុដែលបណ្ដាលមកពីស្នាដៃរបស់មនុស្ស។
សំណួរសួរថា តើតំបន់ណារងផលប៉ះពាល់? នៅពេលនេះ កម្ដៅបានកើតមានភាគច្រើននៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដោយសីតុណ្ហភាពឡើងខ្ពស់បំផុតនៅទីក្រុង Chauk របស់សហភាពមីយ៉ាន់ម៉ា និងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ចំណែកអាជ្ញាធរថៃបានចេញការព្រមានអំពី «ស្ថានភាពធ្ងន់ធ្ងរ» ខណៈដែលអាជ្ញាធរក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងបង់ក្លាដែស សុទ្ធតែបានព្យាករពីសីតុណ្ហភាពឡើងលើសពី ៤០អង្សារសេ។
ហ្វីលីពីន និងបង់ក្លាដែស បានផ្អាកថ្នាក់រៀនដោយផ្ទាល់ ខណៈពេលដែលឥណ្ឌាកំពុងពិនិត្យមើលថា តើកំដៅបានប៉ះពាល់ដល់អ្នកទៅបោះឆ្នោត ក្នុងការបោះឆ្នោតជាតិដែរ ឬទេ ហើយសូម្បីតែភាគខាងជើងប្រទេសជប៉ុនក៏រងផលប៉ះពាល់ដែរ ដោយសីតុណ្ហភាពនៅក្នុងទីក្រុង Sapporo ក្នុងខែមេសាបានឡើងដល់ ២៥អង្សាសេ។
តើអ្វីបណ្តាលឲ្យមានកម្ដៅ? ជាច្រើនខែមុនខ្យល់មូសុងនៅក្នុងតំបន់ ឬរដូវវស្សា អាកាសធាតុតែងតែក្ដៅជាធម្មតា ប៉ុន្តែសីតុណ្ហភាពនៅឆ្នាំ២០២៤ គឺខ្ពស់ជាងមធ្យមភាគនៅក្នុងប្រទេសជាច្រើន។ អ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុកំពុងបង្កឲ្យមានរលកកម្ដៅញឹកញាប់ដែលកាន់តែខ្លាំង និងកាន់តែយូរជាងមុន ហើយបើយោងតាមអង្គការឧតុនិយមពិភពលោក ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អាស៊ីក៏ឡើងកម្តៅលឿនជាងមធ្យមភាគសីតុណ្ហភាពសកលដែរ។
តើអ្នកណាខ្លះត្រូវរងផលប៉ះពាល់ខ្លាំងជាងគេ? កម្ដៅក្ដៅខ្លាំងមានផលប៉ះពាល់អវិជ្ជមានហួសហេតុ ចំពោះកុមារ មនុស្សចាស់ និងអ្នកក្រីក្រ។ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺពីមុន ឬជនមានពិការភាព អាចឡើងកម្ដៅលឿនជាង។ អ្នករស់នៅក្នុងស្ថានភាពខ្វះមុខខ្វះក្រោយ ជារឿយៗមិនមានមធ្យោបាយធ្វើឲ្យត្រជាក់នៅផ្ទះ ឬត្រូវបង្ខំធ្វើការក្នុងស្ថានភាពគ្មានការការពារកម្ដៅឲ្យបានគ្រប់គ្រាន់។
ហើយចុងក្រោយតើកម្ដៅក្ដៅហួតហែងនេះ នឹងមានរយៈពេលយូរប៉ុនណាទៅ? ពាក់ព័ន្ធនឹងករណីនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ តែនៅបង់ក្លាដែស កម្ដៅមិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះរហូតដល់ថ្ងៃទី២ ខែឧសភា ហើយនៅថៃ អ្នកព្យាករណ៍បានព្រមានថា ភ្លៀងប្រចាំឆ្នាំអាចនឹងមកដល់នៅចុងខែឧសភា ពោលគឺច្រើនសប្តាហ៍ ដែលយឺតជាងពេលធម្មតា៕