វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានបញ្ចប់ក្តីសង្ឃឹមកីឡាករម្ចាស់ផ្ទះជប៉ុន Kei Nishikori ដែលចង់ឈ្នះមេដាយមាសអូឡាំពិកលើទឹកដីខ្លួនឯង។

Djokovic បានបន្តដំណើរចង់ក្លាយជាកីឡាករវាយកូនបាល់ដំបូងដែលឈ្នះជើងឯក Grand Slam ទាំងបួន និងឈ្នះមេដាយមាសអូឡាំពិកក្នុងឆ្នាំតែមួយ ក្រោយយកឈ្នះ Kei Nishikori លទ្ធផល ២សិតផ្ទួន ៦-២ និង ៦-០។ ជ័យជំនះនេះធ្វើឱ្យ Djokovic ឡើងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រដោយនឹងត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev ដែលបានយកឈ្នះកីឡាករបារាំង Jeremy Chardy ៦-៤ និង ៦-១។ ទោះជាជោគជ័យលើកីឡាវាយកូនបាល់យ៉ាងណាក្តី Novak Djokovic មិនដែលមានប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឡើយ ដោយស្ថិតិល្អបំផុតនោះគឺបានត្រឹមមេដាយសំរឹទ្ធ អូឡាំពិកទីក្រុងប៉េកាំងប្រទេសចិនឆ្នាំ២០០៨ ក្រោយចាញ់ Rafael Nadal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ងាកមកការប្រកួតផ្នែកនារីវិញ កីឡាការិនីស្វ៊ីស Belinda Bencic បានកក់កៅអីនៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាសហើយ ក្រោយជ័យជំនះលើកីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina លទ្ធផលតានតឹង ២សិតទល់នឹង ១ ពិន្ទុ ៧-៦(៧-២), ៤-៦ និង ៦-៣។ កីឡាការិនីស្វ៊ីសរូបនេះនឹងត្រូវជួបជាមួយកីឡាការិនីឆេក Marketa Vondrousova នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។ Marketa Vondrousova ដែលទំលាក់ Naomi Osaka នោះបានយកឈ្នះកីឡាការិនីអ៊ុយក្រែន Elina Svitolina លទ្ធផល ៦-៣ និង ៦-១៕
អត្ថបទ៖នាង សុភាវុធ