
ប្រធានធនាគារពិភពលោកលោក Ajay Banga នៅថ្ងៃអង្គារ (៣០ មេសា) នេះ បានប្រាប់សារព័ត៌មាន Reuters ថា លោករំពឹងថាប្រទេសម្ចាស់ជំនួយ នឹងបំពេញតាមសំណើរបស់មេដឹកនាំអាហ្វ្រិក ក្នុងការបរិច្ចាគមិនធ្លាប់មានមុនដល់ស្ថាប័នដែលផ្ដល់កម្ចីការប្រាក់ទាប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
បណ្ដាប្រមុខរដ្ឋអាហ្រ្វិក កាលពីថ្ងៃចន្ទ (ទី២៩ ខែមេសា) បានអំពាវនាវឲ្យប្រទេសអ្នកមានជួយរៃអង្គាសប្រាក់យ៉ាងហោចណាស់ ១២០លានដុល្លារ សម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៅឯសន្និសីទដែលនឹងប្រារព្ធឡើងនៅប្រទេសជប៉ុន ក្នុងខែធ្នូ។ នោះនឹងក្លាយជាប្រវត្តិសាស្ត្រ សម្រាប់ IDA ក្នុងការផ្តល់កម្ចីការប្រាក់ទាប និងរយៈពេលវែងដល់ប្រទេសកំពុងអភិវឌ្ឍន៍។
គួរបញ្ជាក់ថា បណ្តាប្រទេសអាហ្រ្វិកមានច្រើនជាងពាក់កណ្តាលនៃចំនួន ៧៥ប្រទេស ដែលប្រើប្រាស់ប្រភពធនធានរបស់ IDA។ មនុស្សជាច្រើនកំពុងប្រឈមនឹងបន្ទុកបំណុលដ៏ច្រើន និងគ្រោះមហន្តរាយអាកាសធាតុ ប៉ុន្តែជួបនឹងការលំបាកក្នុងការមានលទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានដែលអាចលៃលកបាន នៅលើទីផ្សារអន្តរជាតិ។
លោក Banga បាននិយាយថា ប្រទេសអ្នកមានគួរតែទទួលស្គាល់ថា ការផ្តល់ឲ្យដោយសប្បុរស គឺស្ថិតនៅក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយលើកឡើងពីឧទាហរណ៍នៃប្រទេសដែលធ្លាប់តែក្រីក្រ ដូចជាប្រទេសចិន និងឥណ្ឌា ដែលបានផ្លាស់ពីអ្នកទទួលផលពី IDA រហូតក្លាយទៅជាអ្នករួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ចពិភពលោក៕