អ្នកស្រុកជាច្រើននៅទីក្រុងហាណូយបានជ្រើសរើសការចំណាយពេលវិស្សមកាលនៃទិវាបង្រួបបង្រួមជាតិរបស់ពួកគេស្នាក់នៅក្នុងផ្ទះកាលពីថ្ងៃអង្គារ ថ្ងៃទី៣០ ខែមេសា ខណៈប្រទេសវៀតណាមបានជួបប្រទះរលកកម្ដៅក្ដៅបំផុត ដោយមានសីតុណ្ហភាពកើនឡើងដល់ ៤៤ អង្សាសេ នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសនេះ។

ថ្ងៃឈប់សម្រាកជាសាធារណៈ ដែលជាថ្ងៃរំលឹកខួបនៃការបង្រួបបង្រួមវៀតណាមខាងត្បូង និងខាងជើងក្នុងឆ្នាំ ១៩៧៥ ជាធម្មតាគេតែងមើលឃើញទីធ្លាសាធារណៈនានាពោរពេញដោយភ្ញៀវទេសចរកាលពីឆ្នាំមុនៗ។ឆ្នាំនេះ ភ្ញៀវទេសចរជាច្រើនកំពុងស្វែងរកទីជម្រកក្នុងម្លប់ ដើម្បីគេចពីកម្ដៅព្រះអាទិត្យដ៏ក្ដៅ ដែលធ្វើឲ្យផ្លូវនានាក្នុងទីក្រុងហាណូយស្ទើរតែគ្មានមនុស្សតាមផ្លូវ។
អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ត្រូវបានគេមើលឃើញពាក់អាវដៃវែងផងដែរ ដើម្បីការពារស្បែករបស់ពួកគេពីកម្ដៅព្រះអាទិត្យដ៏ក្ដៅដោយផ្ទាល់។

លោកឌីញវ៉ាន់ហ៊ើយ( Dinh Van Hieu)វ័យ៥៤ ឆ្នាំ អ្នករត់ស៊ីក្លូ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា កម្ដៅខ្លាំងបានប៉ះពាល់ដល់អាជីវកម្មរបស់លោក ដោយបន្ថែមថារឿងតែមួយគត់ដែលលោកអាចធ្វើបាន គឺជ្រកនៅក្រោមដើមឈើដើម្បីគេចពីកម្ដៅព្រះអាទិត្យ។
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិរបស់ប្រទេសវៀតណាមបានព្រមានពីហានិភ័យនៃចំហេះព្រៃ ការខ្សោះជាតិទឹក និងការដួសន្លប់ដោយសារកម្ដៅក្ដៅខ្លាំងពេក ។ ប្រភពដដែលនេះ បាននិយាយថា សីតុណ្ហភាពអតិបរិមានៅក្នុងតំបន់មួយចំនួននៃភាគខាងជើង និងកណ្តាលប្រទេសវៀតណាម មានចាប់ពី៤០,២ ដល់៤៤ អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយបន្ថែមថាសីតុណ្ហភាពនឹងមិនធ្លាក់ចុះទេ រហូតដល់ដើមខែឧសភានេះ ៕