មនុស្សរាប់សិបនាក់ បានរងរបួសបន្ទាប់ពីរថភ្លើងនិងរថយន្តក្រុងបានបុកគ្នា នៅតំបន់ឧទ្យាន Exposition Park ទីក្រុង Los Angeles រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ។

រថភ្លើងដែលដឹកអ្នកដំណើរជាង១៥០នាក់ និងរថយន្តក្រុងរបស់សាកលវិទ្យាល័យ Southern California (USC) បានបុកគ្នា។
អាជ្ញាធរ បានទទួលការរាយការណ៍អំពីឧបទ្ទវហេតុនេះភ្លាមៗនៅមុនពេលរសៀល នៅលើមហាវិថី Exposition ទីក្រុង Los Angeles ។

ក្រុមអ្នកសង្គ្រោះបន្ទាន់ បានដឹកជញ្ជូនអ្នករបួសពីរនាក់យកចេញពីរថយន្តសាកលវិទ្យាល័យ ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ខណៈពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅតែដឹងខ្លួននៅឡើយ។
បន្ថែមលើនេះ អ្នកដំណើរចំនួន១៦ នាក់នៅលើរថភ្លើង បានរងរបួសស្រាល ប៉ុន្តែត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រនៅកន្លែងថែទាំសុខភាពក្នុងតំបន់។
មនុស្សសរុបចំនួន ៣៧ នាក់បានទទួលការព្យាបាលនៅនឹងកន្លែងកើតហេតុ ហើយត្រូវបានចាកចេញជាបន្តបន្ទាប់។