អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (៣០ មេសា) បានព្រមានថា ការវាយលុកថ្មើជើងរបស់អ៊ីស្រាអែល លើទីក្រុង រ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាស្ទ្រីប គឺ «កាន់តែកៀកខ្លាំង» ហើយថាវឌ្ឍនភាព «បន្ថែមតិចតួច» របស់អ៊ីស្រាអែល លើការបញ្ជូនជំនួយទៅកាន់តំបន់ហ៊ុមព័ទ្ធនោះមិនអាចប្រើដើម្បីរៀបចំ ឬបង្ហាញអំពីភាពត្រឹមត្រូវនៃប្រតិបត្តិការសឹកណាមួយបានទេ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យបណ្ដារដ្ឋដែលមានឥទ្ធិពលលើអ៊ីស្រាអែល «ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ពួកគេ» ដើម្បីការពារការវាយលុកជើងគោករបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា នៅភាគខាងត្បូងហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១,២ លាននាក់រត់ភៀសខ្លួនពីកន្លែងផ្សេងៗនៃតំបន់ហ្កាហ្សា កំពុងជ្រកកោន។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីសហ្វីបស៍ (Martin Griffiths) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពិភពលោកបានធ្វើការអំពាវនាវដល់អាជ្ញាធរអ៊ីស្រាអែល អស់ជាច្រើនសប្តាហ៍ដើម្បីរំដោះទីក្រុងរ៉ាហ្វា ប៉ុន្តែប្រតិបត្តិការជើងគោកនៅទីនោះគឺខិតកាន់តែជិតដល់ជាងមុនទៅទៀត។ ការពិតដ៏សាមញ្ញបំផុតគឺថា ប្រតិបត្តិការថ្មើជើងនៅ រ៉ាហ្វា គឺមានតែសោកនាដកម្មប៉ុណ្ណោះ»។

បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារទីក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាជម្រកសម្រាប់ជាងពាក់កណ្តាលនៃប្រជាជនសរុបចំនួន ២,៣ លាននាក់មួយនេះ៕