សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា មិនមានការរៃអង្គាស លុយ ឬបង្កើតនូវមូលនិធិសម្រាប់យកទៅធ្វើព្រែកជីកហ្វូណនតេជោ នោះឡើយ ខណៈគម្រោងដ៏ធំដែលនឹងត្រូវចំណាយថវិកាជិតពីរពាន់លានដុល្លារនេះ រាជរដ្ឋាភិបាល នឹងសាងសង់ឡើងតាមរយៈប៊ីអូធី ពោលគឺចាប់ដៃគូជាមួយក្រុមហ៊ុនឯកជនរបស់បរទេស។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ គម្រោងព្រែកជីកហ្វូណតេជោ នឹងត្រូវធ្វើឲ្យបានសម្រេចជោគជ័យជាដាច់ខាត ហើយការធ្វើនេះក៏មិនមែនខ្ចីលុយគេដែរ គឺរាជរដ្ឋាភិបាលចាប់ដៃគ្នាជាមួយក្រុមហ៊ុនឯកជនរបស់ចិនដើម្បីធ្វើការវិនិយោគ។
នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអះអាងជាថ្មីម្តងទៀតផងដែរថា គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏ដើម្បីបម្រើផលប្រយោជន៍ប្រទេសនៅក្នុងតំបន់ផងដែរ ជាពិសេសគឺប្រទេសក្បែរខាងកម្ពុជាតែម្តង។
ឆ្លៀតក្នុងឱកាសខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានឆ្លើយតប និង ចំអកដល់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចផងដែរ ដែលប្រឆាំង ញុះញង់និងរារាំងចំពោះគម្រោងព្រែកជីកហ្វូណនថាមិនអាចទៅរួច ឬបានសម្រេចតាមមហិច្ឆតារបស់ពួកផងខ្លួននោះឡើយខណៈចលនាគាំទ្រពីសំណាក់មហាជនលើគម្រោងព្រែកជីកហ្វូណននេះ មានសន្ទុះយ៉ាងភ្លូក ទឹកភ្លូកដីមិនថាពលរដ្ឋខ្មែរនៅក្នុង ស្រុកឬក្រៅស្រុកនោះឡើយ៕អត្ថបទ បាន ចក់