ថៃ៖ ក្រសួងសុខាភិបាលប្រទេសថៃបានប្រកាសអាសន្នអំពីការខ្វះខាតមន្ទីរពេទ្យធ្ងន់ធ្ងរ និងអគារដាក់អ្នកជំងឺនៅដាច់ដោយឡែកនៅទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ (២៩ កក្កដា) ខណៈករណីឆ្លង និងការស្លាប់ដោយសារជំងឺ COVID-19 បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មី។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងប្រឹងប្រែងទប់ស្កាត់ ការផ្ទុះឡើងចុងក្រោយក្នុងប្រទេសរបស់ខ្លួនបង្កឡើងដោយវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងមានកំណើនឆ្លងយ៉ាងឆាប់រហ័ស ដោយជំរុញឲ្យការឆ្លង និងការស្លាប់កើនឡើងយ៉ាងគំហុក ហើយប្រព័ន្ធថែទាំសុខភាពកាន់តែទន់ខ្សោយទៅ។ ទោះបីជាខេត្តមួយចំនួនដែលរងគ្រោះខ្លាំងជាងគេ កំពុងត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការរឹតត្បិតតឹងរ៉ឹង និងបម្រាមគោចរពេលរាត្រីក៏ដោយ ក៏ប្រទេសថៃបានកត់ត្រាករណីថ្មីឆ្លងចំនួន ១៧.៦៦៩នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៦៥នាក់ក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 ចំនួន ៥៦១,០៣០នាក់ និងស្លាប់សរុបចំនួន ៤,៥៦២នាក់។ មន្ទីរពេទ្យនានាក្នុងរាជធានីមានសមត្ថភាពមើលថែអ្នកជំងឺថ្មីចំនួន ១.០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែលោក Somsak Akkasilp អគ្គនាយកមន្ទីរផ្ដល់សេវាវេជ្ជសាស្ត្រថៃបាននិយាយថា មន្ទីរពេទ្យបានផ្ទុកអ្នកឆ្លងជំងឺ COVID-19 ហួសចំណុះ ដោយមានករណីថ្មីជាង ៤.០០០នាក់ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងបាងកកតែមួយគត់៕
អត្ថបទ៖ សុខមាន