មន្ត្រីនគរបាលនៅទីក្រុងញូវយ៉ក (New York) បានសម្រុកចូលបរិវេណសាកលវិទ្យាល័យ កូឡំប៊ី (Columbia) នៅក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារ (៣០ មេសា) ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយដើម្បីបំបែកក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ដែលបានកាន់កាប់អគារបរិវេណសាលា បន្ទាប់ពីការប្រឈមមុខដាក់គ្នាជិតពីរសប្តាហ៍ជាគណៈគ្រប់គ្រងគ្រប់គ្រងរបស់សាកលវិទ្យាល័យដ៏ល្បីមួយនេះ។

វីដេអូពីការផ្សាយផ្ទាល់បានបង្ហាញនគរបាលសម្រុកចូលទៅក្នុងបរិវេណសាលាដែលស្ថិតនៅតំបន់ ម៉ែនហាតថាន (Manhattan) និងជាចំណុចស្នូលនៃការតវ៉ារបស់និស្សិត ដែលបានរីករាលដាលដល់សាលារៀនរាប់សិបកន្លែងផ្សេងទៀតនៅទូទាំងសហរដ្ឋអាមេរិក ដោយបង្ហាញពីការប្រឆាំងទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

នគរបាលជាច្រើនត្រូវបានគេមើលឃើញឡើងចូលទៅក្នុងអគារតាមបង្អួចជាន់ទី២ ដោយប្រើយានជំនិះដែលភ្ជាប់ជណ្ដើរដើម្បីចូលទៅខាងក្នុងទីតាំងសាកលវិទ្យាល័យ។

ការកាន់កាប់អគារដោយក្រុមបាតុករនេះបានចាប់ផ្តើមនៅពេលយប់ ខណៈក្រុមអ្នកតវ៉ាបានវាយបំបែកបង្អួច សម្រុកចូលខាងក្នុងអគារ ហើយបានបង្ហាញបដាដែលសរសេរថា «សាលហីន» (Hind's Hall) ដែលជានិមិត្តរូបនៃការប្តូរឈ្មោះអគារនេះដាក់តាមឈ្មោះកុមារជនជាតិប៉ាឡេស្ទីនអាយុ ៦ឆ្នាំម្នាក់ ឈ្មោះថា ហីន រ៉ាចាប (Hind Rajab) ដែលត្រូវបានសម្លាប់នៅហ្កាហ្សា ដោយយោធាអ៊ីស្រាអែល៕