អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)ក្នុងសប្តាហ៍នេះ បានអំពាវនាវឲ្យលោកប្រធានាធិបតី បៃដិន (Biden) ផ្អាកជាបន្ទាន់នូវការបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលអង្គការនេះ បានបន្តការចោទប្រកាន់ថា យោធាអ៊ីស្រាអែល កំពុងបំពានច្បាប់អន្តរជាតិ។

អង្គការលើកលែងទោសនេះ បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃចន្ទថា ការស្រាវជ្រាវថ្មីដែលផ្តល់ដល់រដ្ឋបាលលោក បៃដិន បានរៀបរាប់លម្អិតអំពីអាវុធដែលអាមេរិកផ្គត់ផ្គង់ដល់អ៊ីស្រាអែល «ត្រូវបានប្រើប្រាស់ នៅក្នុងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ និងក្នុងលក្ខណៈដែលមិនស្របនឹងច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក»។

លោកស្រី អាម៉ានដា ក្លាស៊ីង (Amanda Klasing) ប្រធានផ្នែកទំនាក់ទំនងរដ្ឋាភិបាលជាមួយអង្គការលើកលែងទោសអន្តរជាតិសហរដ្ឋអាមេរិក បានថ្លែងថា៖ វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលរដ្ឋបាលលោក បៃដិន បន្តប្រកាន់ភ្ជាប់ថា រដ្ឋាភិបាលអ៊ីស្រាអែល មិនបំពានច្បាប់មនុស្សធម៌អន្តរជាតិជាមួយនឹងអាវុធ ដែលផ្តល់ដោយសហរដ្ឋអាមេរិក នៅពេលដែលការស្រាវជ្រាវរបស់យើងបានបង្ហាញផ្ទុយពីនេះទៅវិញ ហើយអ្នកជំនាញច្បាប់អន្តរជាតិ ក៏មិនយល់ស្របដែរ។
លោកស្រី ក្លាស៊ីង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកប្រធានាធិបតី បៃដិន ត្រូវតែបញ្ចប់ការអនុលោមរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលដែលមានការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ហើយផ្អាកជាបន្ទាន់នូវការបញ្ជូនអាវុធទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល»។
ការអំពាវនាវរបស់អង្គការនេះ បានធ្វើឡើង នៅពេលដែលសេតវិមានប្រឈមនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី ៨ ឧសភា ដើម្បីបញ្ជាក់ដល់សភាថា អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់អ៊ីស្រាអែល កំពុងត្រូវបានប្រើប្រាស់ស្របតាមច្បាប់អន្តរជាតិ ដោយមានរបាយការណ៍មួយចំនួនបង្ហាញថា មានការខ្វែងគំនិតគ្នា នៅក្នុងក្រសួងការបរទេសអាមេរិកលើបញ្ហានេះ។