ខណៈភាពអត់ឃ្លាន បានកើតមានក្នុងពេលមានសង្រ្គាមរ៉ាំរ៉ៃនៅប្រទេសស៊ូដង់ គ្រួសាររបស់នាង Lina Mohammed Hassan បានស្វែងរកវិធីដើម្បីរស់រានមានជីវិត។ កូនៗរបស់នាងកំពុងដើបេះស្លឹកឈើ និងទទួលទាន។

នាង Hassan និយាយថា បងប្អូនជីដូនមួយរបស់នាង បានដើរបេះស្លឹកឈើមកចម្អិនជាអាហារ ហើយទទួលទាន ព្រោះយើងមិនដឹងថា តើយើងនឹងមានអាហារសម្រាប់ពេលព្រឹកឬទេ។
បណ្តាញប្រព័ន្ធព្រមានពីគ្រោះទុរភិក្ស ជាបណ្តាញរបស់អាជ្ញាធរសាកលទទួលបន្ទុកអសន្តិសុខស្បៀង បានរាយការណ៍កាលពីខែមីនាថា តំបន់ទីក្រុង Khartoum ស្ថិតក្នុងហានិភ័យនៃគ្រោះទុរភិក្ស ហើយវាមិនត្រឹមតែរដ្ឋធានីមួយនេះប៉ុណ្ណោះទេ។
ដោយមានជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) វាបានបង្ហាញថា គ្មានសញ្ញានៃភាពធូរស្រាលឡើយ ខណៈភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សកំពុងរាលដាលពាសពេញប្រទេស។

នៅជំរំជនភៀសខ្លួនមួយចំនួននៅទីក្រុង North Darfur ប្រជាជន គ្រូពេទ្យ និងបុគ្គលិកជំនួយ បាននិយាយថា មនុស្សជាច្រើនបានងាកទៅរកការទទួលទានស្លឹកឈើហើយនៅពេលនេះ។
មន្ត្រីជំនួយមួយចំនួន បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស(RSF) ថាបានលួចជំនួយមនុស្សធម៌ ហើយកងទ័ពស៊ូដង់ បានរារាំងជំនួយមិនឱ្យទៅដល់អ្នកទាំងឡាយដែលត្រូវការច្រើនបំផុត។ ប៉ុន្តែភាគីទាំងពីរពុំបានឆ្លើយតបទៅនឹងសំណួរលម្អិតសម្រាប់របាយការណ៍នេះទេ។
រដ្ឋាភិបាលដែលដឹកនាំដោយយោធា បាននិយាយថា ខ្លួនប្តេជ្ញាចិត្តដើម្បីដឹកជញ្ជូនជំនួយ។