សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Facebook និង Instagram។ មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានយក្សមួយនេះ ប្រហែលជាពុំបានធ្វើអ្វីឲ្យគ្រប់គ្រាន់ដើម្បីការពារអ្នកប្រើប្រាស់ពីការផ្សាយព័ត៌មានមិនពិត។

គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Meta អាចនឹងបំពានច្បាប់សេវាកម្មឌីជីថល ដែលតម្រូវឱ្យអាជីវកម្មមានចំណាត់ការប្រឆាំងទៅនឹងខ្លឹមសារខុសច្បាប់។ អ្នកបំពាន អាចត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។

គណៈកម្មាការ បានសង្ស័យថាក្រុមហ៊ុន Meta ថាពុំបានដាក់ការការពារឲ្យបានគ្រប់គ្រាន់ប្រឆាំងការផ្សាយពាណិជ្ជកម្មឆរបោក និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។
គណៈកម្មការ ក៏មានការព្រួយបារម្ភផងដែរអំពីកង្វះការបង្ហាញពិតប្រាកដដែលមានប្រសិទ្ធភាព និងឧបករណ៍ត្រួតពិនិត្យក្នុងការបោះឆ្នោត។
វិធានការនេះ ធ្វើឡើងនៅមុនពេលការបោះឆ្នោតនៅខែមិថុនាសម្រាប់សភាអឺរ៉ុប។ អ្នកសង្កេតការណ៍មួយចំនួន ព្រួយបារម្ភពីភ្នាក់ងារបរទេស រួមទាំងអ្នកមកពីប្រទេសរុស្ស៊ី ដែលអាចជ្រៀតជ្រែកក្នុងការបោះឆ្នោត។
ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្រសិនបើមន្ត្រីសង្ស័យថាមានការរំលោភបំពាន ពួកគេនឹងមានចំណាត់ការ ជាពិសេសនៅក្នុងពេលនៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។