ភ្នំពេញ ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានសើ្នឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយខ្លួនឯង បើទទួលបានលទ្ធផលវិជ្ជមាន សូមជូនដំណឹងមកអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឬ មន្ត្រីសុខាភិបាលដែលនៅជិតបំផុតជាបន្ទាន់។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ការធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ របស់បងប្អូនប្រជាពលរដ្ឋ សូមកុំលាក់លៀមនូវតេស្តវិជ្ជមានកូវីដ១៩របស់បងប្អូន។ ការប្រកាសលទ្ធផល គឺជាការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។
ជាពិសេសការអនុវត្តព្យាបាលតាមផ្ទះនេះ បានចាប់ផ្តើមតាំងពីខែមេសា និងខែឧសភា ឆ្នាំ២០២១ រហូតមកដល់សព្វថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩កម្រិតសម្រាល ចំនួនជាង៣០០០នាក់ហើយ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមផ្ទះ។
ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា អ្នកខ្លះបានធ្វើតេស្តកូវីដ-១៩រួចរាល់ហើយ លទ្ធផលបង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ លាក់លៀមមិនរាយការណ៍មកអាជ្ញាធរ និងមន្រី្តសុខាភិបាលនោះទេ ប៉ុន្តែនៅពេលមានបញ្ហាកើតឡើង គាត់ស្រែកប្រកាសឡើងឡូឡា។ ការបិទបាំងនិងលាក់លៀមនូវលទ្ធផលវិជ្ជមានកូវីដ-១៩របស់បុគ្គលនោះ គឺគាត់បានរំលោភលើអនុក្រិត្យដែលបានណែនាំរួចហើយ។
អ្នកដែលធ្វើតេស្តរកកូវីដ១៩រួច មានវិជ្ជមានកូវីដ-១៩ មិនប្រាប់អាជ្ញាធរដែន និងមន្រី្តសុខាភិបាលដែលនៅកៀកបំផុត បានន័យថាគាត់មិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនោះទេ ត្រូវតែធ្វើនិងចូលរួមអនុវត្តន៍ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩៕
អត្ថបទ រដ្ឋា
