ប្រមុខមន្រ្តីសន្តិសុខតៃវ៉ាន់ នៅថ្ងៃពុធ (០១ ឧសភា) នេះបាននិយាយថា កោះតៃវ៉ាន់ កំពុងស្ថិតនៅក្នុងការប្រុងប្រយ័ត្នចំពោះការធ្វើសមយុទ្ធយោធារបស់ប្រទេសចិន បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំជាប់ឆ្នោតថ្មី លោក ឡៃ ឈីងទឺ (Lai Ching-te) ក្នុងខែនេះ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាប់ផ្តើមសមយុទ្ធបែបនេះក្នុងខែមិថុនា។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក ឡៃ ដោយជឿជាក់ថាលោកជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់។ រដ្ឋាភិបាលចិន បានច្រានចោលសំណើម្តងហើយម្តងទៀតនៃការចរចារបស់លោក ឡៃ រួមទាំងសំណើកិច្ចពិភាក្សាមួយដែលបានលើកឡើងកាលពីសប្តាហ៍មុន។

លោក ឡៃ ដូចនឹងមេដឹកនាំបច្ចុប្បន្ន លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែរគឺបដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ អ្នកទាំងពីរនិយាយថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ លោក លៃ ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។
យោធារបស់ចិន ក្នុងអំឡុងពេលបួនឆ្នាំកន្លងមកនេះ បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងច្រើនជុំវិញកោះតៃវ៉ាន់។ ប្រភពសន្តិសុខដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានព្រមានម្តងហើយម្តងទៀតថាប្រទេសចិន អាចបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះលោក ឡៃ ដោយប្រើយោធា។

ចាប់តាំងពីការឈ្នះឆ្នោតខែមករា របស់លោក ឡៃ មក ប្រទេសចិន បានរក្សាសម្ពាធជាបន្តបន្ទាប់លើកោះតៃវ៉ាន់ រួមទាំងការយាមល្បាតរបស់ឆ្មាំល្បាតឆ្នេរនៅជិតប្រជុំកោះមួយក្រុមដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅជិតឆ្នេរសមុទ្រចិន និងការបើកផ្លូវអាកាសថ្មីនៅច្រកសមុទ្រតៃវ៉ាន់ ដែលទីក្រុងតៃប៉ិ និយាយថា គំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍៕