សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាល បានវិនិយោគ និងដាក់គោលនយោបាយមួយចំនួនផ្ដោតទៅលើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤៤ បានដាក់គម្រោងវិនិយយោគឡើងវិញ ក្នុងនោះក្រុមហ៊ុនចំនួន ៨ បានឯកភាព និងចាប់ផ្ដើមដំណើរការឡើងវិញហើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី បានបញ្ជាក់ថា សម្ដេចបានផ្ដល់គោលការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញ គោលនយោបាយបន្ថែមទៀតដល់ខេត្តព្រះសីហនុ ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ខណៈខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលលើគ្រប់វិស័យទាំងអស់ ប៉ុន្ដែចំណុចសំខាន់ ត្រូវដឹងវិស័យណាអាចដើរមុន ហើយមានសក្ដានុពលធំដូចជាវិស័យអចលនទ្រព្យនេះជាដើមដែលត្រូវជំរុញបន្ថែមលើការវិនិយោគ។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីជំរុញដល់ការជាប់គាំងលើការវិនិយោគ និងការអនុវត្តគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញទៅបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ត្រួតពិនិត្យលើការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញតែម្ដង។
សូមជម្រាបថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី រហូតដល់អាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់ជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចពិសេសពហុបំណងរបស់កម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា