បាល់ទាត់៖ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគជើងទី១ បានឈានដល់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១១ នាចុងសប្ដាហ៍នេះហើយដោយមាន ៦ប្រកួតពេញ ខណៈមានគូពិសេស ២ប្រកួតដែលអ្នកគាំទ្រទន្ទឹងរង់ចាំគឺក្រុមព្រះខ័នរាជស្វាយរៀងបើកទ្វារផ្ទះទទួល ក្រុមនាគខៀវបឹងកេតនៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈក្រុមសិង្ហក្រហមភ្នំពេញក្រោនត្រូវជួបក្រុមណាហ្គាវើលដ៏នៅកីឡដ្ឋាន Smart RSN។

គូពិសេសទាំង ២ប្រកួតខាងលើនឹងធ្វើការប្រកួតនាវេលាម៉ោង ៦ល្ងាចដំណាលគ្នានៅថ្ងៃទី០១ ខែសីហា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ព្រះខ័នរាជស្វាយរៀង និងបឹងកេតគឺជាក្រុមជើងឯករង និងក្រុមជើងឯកឆ្នាំចាស់ត្រូវជួបគ្នា ស្របពេលក្រុមមិនទាន់ស្គាល់ចាញ់ភ្នំពេញក្រោន ត្រូវជួបក្រុមខ្លាំងណាហ្គាវើលដ៏ ដែលក្រុមនីមួយៗសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីបង្កើនឱកាសប្រជែងជើងឯកលីគឆ្នាំ២០២១។ ដោយឡែកកម្មវិធីប្រកួត ៤គូផ្សេងទៀតរួមមាននៅថ្ងៃទី៣១ ខែកក្កដាមាន ២ប្រកួតគឺក្រុមមិនទាន់ស្គាល់ឈ្នះនគរបាលជាតិ បើកទ្វារកីឡដ្ឋាន 7NG ទទួលក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមអាស៊ីអឺរ៉ុបជួបក្រុមបាតតារាងសូលទីឡូអង្គរ នៅកីឡដ្ឋាន AEU Sport Park។ រីឯ ២គូទៀតត្រូវប្រកួតនាថ្ងៃទី០១ ខែសីហាគឺក្រុមវិសាខាជួបខេត្តព្រៃវែងនៅកីឡដ្ឋានព្រីនស៍ និងក្រុមអគ្គិសនីកម្ពុជាជួបក្រុមភ្ញៀវគិរីវង់នាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា។
គួរបញ្ជាក់ថា បច្ចុប្បន្នមានបេក្ខភាព ៧ក្រុម ដែលកំពុងប្រកួតប្រជែងគ្នាខាងលើក្នុងតារាងពិន្ទុ ដោយគិតត្រឹមសប្ដាហ៍ទី១០ ក្រុមអង្គរថាយហ្គឺរឈរកំពូលតារាងមាន ២០ពិន្ទុ ខណៈវិសាខា និងព្រះខ័នរាជស្វាយរៀងឈរលេខ២ និងលេខ៣ មាន ១៩ពិន្ទុក្នុងដៃ គ្រាដែលក្រុមណាហ្គាវើលដ៏ និងបឹងកេតមាន ១៨ពិន្ទុស្មើគ្នាឈរលេខ៤ និងលេខ៥។ ចំណែកភ្នំពេញក្រោនដែលប្រកួតបាន ៧ប្រកួតរកបាន ១៧ពិន្ទុឈរលេខ៦ និងក្រុមកងយោធពលខេមរភូមិន្ទប្រកួតបាន ៨ប្រកួតរកបាន ១៤ពិន្ទុឈរលេខ៧ បណ្ដោះអាសន្ន៕
អត្ថបទ៖ លី ឈុនឡា