អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអង្គារ (៣០ មេសា) បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិលើផ្នូរដ៏ធំមានសាកសពមនុស្សរាប់រយនាក់ ដែលទើបរកឃើញនៅក្រោមដីមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា។

លោក ហ្គុយតឺរ៉េស បាននិយាយថា «យើងមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា ផ្នូរដ៏ធំត្រូវបានគេរកឃើញនៅទីតាំងជាច្រើនក្នុងហ្កាហ្សា រួមទាំងនៅក្រោមមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) និងមន្ទីរពេទ្យ ណាសសើ (Nasser) ដែលនៅក្នុងមន្ទីរពេទ្យ ណាសសើ តែមួយ មានសាកសពជាង ៣៩០ នាក់ត្រូវបានគេរកឃើញ»។

លោកបន្ថែមថា «ក្រុមគ្រួសារអ្នកស្លាប់ និងបាត់ខ្លួន មានសិទ្ធិដឹងពីអ្វីដែលបានកើតឡើង ហើយពិភពលោកមានសិទ្ធិក្នុងការទទួលខុសត្រូវចំពោះការរំលោភលើច្បាប់អន្តរជាតិដែលអាចកើតមាន។ មន្ទីរពេទ្យ បុគ្គលិកសុខាភិបាល អ្នកជំងឺ និងជនស៊ីវិលទាំងអស់ត្រូវតែការពារ ហើយសិទ្ធិមនុស្សទាំងអស់ត្រូវតែគោរព»។
ប្រព័ន្ធសុខាភិបាលនៅហ្កាហ្សា ត្រូវបានបំផ្លាញដោយសង្រ្គាម ខណៈចំនួនពីរភាគបីនៃមន្ទីរពេទ្យ និងមណ្ឌលសុខភាព លែងដំណើរការ។ ចំណែកមន្ទីរពេទ្យដំណើរការដែលនៅសេសសល់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នមន្ទីរពេទ្យហ្កាហ្សា មួយចំនួនមានលក្ខណៈស្រដៀងនឹងទីបញ្ចុះសព៕