ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (៣០ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជាង ៣៤.៥០០ នាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៧ នាក់ និងបង្ករបួសចំនួន ៦១ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ឡើងដល់ទៅ ៣៤.៥៣៥ នាក់ និងអ្នករបួសដល់ ៧៧.៧០៤ នាក់។ សេចក្តីថ្លែងការណ៍បាននិយាយថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះកម្លាំងពីក្រុមជួយសង្គ្រោះ។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលបានរាយការណ៍ថាបានវាយប្រហារគោលដៅចំនួន ២៤ នៅតំបន់ហ្កាហ្សា រួមទាំងច្រកចូលផ្លូវរូងក្រោមដី និងទីតាំងបាញ់មីស៊ីល នេះបើយោងតាមវិទ្យុរដ្ឋអ៊ីស្រាអែល។ អគ្គនាយកដ្ឋានការពារជនស៊ីវិលនៅហ្កាហ្សា បានប៉ាន់ប្រមាណថាមានមនុស្សសរុបជាង ១០.០០០ នាក់ នៅតែបាត់ខ្លួននៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។
អ៊ីស្រាអែល បើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០ នាក់ស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ៕