
នគរបាលទីក្រុងញូវយ៉ក (New York) បានឆ្មក់ចូលសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) ក្នុងសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារ (៣០ មេសា) ដើម្បីចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ ដែលបាននាំគ្នាកាន់កាប់អគារសិក្សាមួយ និងដើម្បីរុះរើជំរំតវ៉ាដែលសាកលវិទ្យាល័យដ៏ល្បីមួយនេះ បានស្វះស្វែងឱ្យមានការរុះរើអស់រយៈពេលជិតពីរសប្តាហ៍។
ភ្លាមៗបន្ទាប់ពីនគរបាលបានសម្រុកចូលបរិវេណសាលានោះ សាកលវិទ្យាធិការ លោកស្រី មីនូឆេ សាហ្វីក (Minouche Shafik) បានចេញលិខិតមួយ ដែលបានស្នើសុំឱ្យនគរបាលយាមនៅក្នុងបរិវេណសាលារហូតដល់ថ្ងៃទី១៧ ខែឧសភា ដែលមានរយៈពេលពីរថ្ងៃបន្ទាប់ពីពិធីបញ្ចប់ការសិក្សា ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាថាការបោះជំរំតវ៉ាមិនត្រូវបានបង្កើតឡើងឡើងវិញ។
អ្នកនាំពាក្យនគរបាលបាននិយាយថា ក្នុងរយៈពេលបីម៉ោង នគរបាលបានបោសសម្អាតក្រុមអ្នកតវ៉ាពីក្នុងសាលា ដោយបន្ថែម «ការចាប់ខ្លួនរាប់សិបនាក់» ត្រូវបានធ្វើឡើង។ នគរបាលត្រូវបានគេមើលឃើញកំពុងចាប់អ្នកជាប់ឃុំរាប់សិបនាក់ដាក់នៅលើរថយន្តក្រុង ខណៈម្នាក់ៗត្រូវចងដៃពីក្រោយដោយប្រើខ្សែរ៉ូត ហើយកន្លែងកើតហេតុទាំងមូលពោរពេញដោយរថយន្តនគរបាល។
ក្រុមអ្នកតវ៉ាទាំងនោះទាមទារចំនួនបីយ៉ាងពីសាកលវិទ្យាល័យកូឡុំប៊ី នេះគឺការដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលរបស់អ៊ីស្រាអែល តម្លាភាពកាន់តែច្រើននៅក្នុងហិរញ្ញវត្ថុសាកលវិទ្យាល័យ និងលើកលែងការពិន័យ ឬដាក់ទោសដល់និស្សិត និងមហាវិទ្យាល័យជុំវិញការតវ៉ានេះ៕