
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បាននិយាយនៅថ្ងៃពុធ (០១ ឧសភា) នេះថា ប្រទេសកូរ៉េខាងត្បូង បានធ្វើការពិភាក្សាស្តីពីការចូលរួមក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមប្រទេសនៃកិច្ចព្រមព្រៀងនេះបាននិយាយថា ខ្លួននឹងរៀបចំកិច្ចពិភាក្សាផ្លូវការស្តីពីការចូលជាសមាជិករបស់ប្រទេសជប៉ុន។
កិច្ចព្រមព្រៀងសន្តិសុខ AUKUS ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ក្នុងឆ្នាំ២០២១ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរុញច្រានប្រឆាំងនឹងអំណាចដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក ស៊ីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរវាងបណ្ដារដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូង ថា «ក្នុងអំឡុងពេលកិច្ចប្រជុំថ្ងៃនេះ យើងបានពិភាក្សាអំពីលទ្ធភាពនៃការចាប់ដៃគូជាមួយគម្រោង AUKUS សសរស្តម្ភពីរ ហើយស្វាគមន៍យ៉ាងខ្លាំង ដែលសមាជិក AUKUS កំពុងពិចារណាកូរ៉េខាងត្បូង ជាដៃគូក្នុង AUKUS សសរស្តម្ភពីរ»។
ដំណាក់កាលទីមួយ ឬហៅថា «សសរស្តម្ភទីមួយ» របស់ AUKUS ត្រូវបានរចនាឡើងដើម្បីបញ្ជូននាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរទៅកាន់ប្រទេសអូស្ត្រាលី ហើយមិនបើកចំហសម្រាប់សមាជិកថ្មីទេ។ ទោះជាយ៉ាងណាក្ដី សមាជិកដើមទាំងបីនេះបាននិយាយជាយូរមកហើយថា ប្រទេសជាច្រើនទៀតនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសសរស្តម្ភទីពីរ ដែលផ្តោតលើការចែករំលែកបច្ចេកវិទ្យាយោធានៅទូទាំងតំបន់ជាច្រើន រួមទាំងបច្ចេកវិទ្យាកុងទិច និងមីស៊ីលលឿនជាងសំឡេងជាដើម៕