
ការិយាល័យប្រធានាធិបតីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងមិនហ៊ានបន្តការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សានោះទេ បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានលើកឡើងដូច្នេះ ក្នុងការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលបាននិយាយថា ការវាយលុកទីក្រុង Rafah ជិតមកដល់ហើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ប៉ាឡេស្ទីន WAFA ។
លោក Rudeineh បាននិយាយថា ភាពលំអៀងរបស់សហរដ្ឋអាមេរិកដ៏ងងិតងងុល ចំពោះអ៊ីស្រាអែល និងការការពារពីការដាក់ទណ្ឌកម្ម និងការផ្តល់ភាពស្របច្បាប់ជាអន្តរជាតិ ដែលបានបង្ហាញឱ្យឃើញថា រដ្ឋបាលរបស់សហរដ្ឋអាមេរិក បានក្លាយជាដៃគូក្នុងឧក្រិដ្ឋកម្មរបស់លោក Netanyahu និងទទួលខុសត្រូវទាំងស្រុងចំពោះការបន្តអំពើប្រល័យពូជសាសន៍។ លោកបាននិយាយថា រដ្ឋបាលរបស់សហរដ្ឋអាមេរិក គួរតែធ្វើអន្តរាគមន៍ភ្លាមៗ និងបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ឧក្រិដ្ឋកម្មរបស់ខ្លួន ដែលសំខាន់បំផុតគឺការរារាំងការវាយលុកលើ ទីក្រុង Rafah ខណៈនឹងមានផលវិបាកធ្ងន់ធ្ងរលើតំបន់នេះ និងពិភពលោកទាំងមូល។ លោក ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ដើម្បីរារាំងអ៊ីស្រាអែល មិនឲ្យបន្តការឈ្លានពាន។
ជាមួយគ្នានេះ លោក Netanyahu បានសន្យាថានឹងបើកការវាយលុកតាមជើងគោកលើទីក្រុង Rafah ទោះបីមាន ឬគ្មានកិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាសក៏ដោយ។ យោងតាមការិយាល័យប្រធានាធិបតី បានឲ្យដឹងថា លោក Netanyahu បាននិយាយថា អ៊ីស្រាអែល បានចាប់ផ្តើមជម្លៀសជនស៊ីវិលប៉ាឡេស្ទីន ចេញពីទីក្រុង Rafah ។ អ៊ីស្រាអែល ចាត់ទុកទីក្រុង Rafah ជាទីតាំងលាក់ខ្លួនដ៏សំខាន់ចុងក្រោយរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ដោយមានទីតាំងស្ថិតនៅផ្នែកខាងត្បូងផុតនៃតំបន់ហ្កាហ្សា ទីក្រុង Rafah គឺជាទីជម្រកសម្រាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ ១,២ លាននាក់។
លោក Netanyahu បានធ្វើសេចក្តីថ្លែងការណ៍ទាំងនេះ នៅពេលដែលក្រុមអ្នកចរចាមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងចរចាតាមរយៈការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក្នុងការបញ្ឈប់អរិភាព ក្នុងជម្លោះដែលនៅបន្តនៅតំបន់ហ្កាហ្សារយៈពេលប្រហែលប្រាំពីរខែមកនេះ ដែលនឹងធានាបាននូវការដោះលែងចំណាប់ខ្មាំង។