មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បានចុះអប់រំស្រាវជ្រាវជំងឺមិនឆ្លងក្នុងចំណោមប្រជាជនគោលដៅដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ នៅមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកស្រី គុយ ចាន់ស្រីណាក់ ប្រធានមណ្ឌលសុខភាពជ្រោយចង្វារ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះថា ថ្ងៃនេះមណ្ឌលសុខភាពជ្រោយចង្វារ បានសហការជាមួយអាជ្ញាធរសង្កាត់ជ្រោយចង្វារ និងអ្នកស្ម័គ្រចិត្តទ្រទ្រង់ភូមិ ចុះអប់រំស្រាវជ្រាវជំងឺមិនឆ្លងក្នុងចំណោមបងប្អូនប្រជាពលរដ្ឋគោលដៅ ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ដូចជា៖ ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ឆាប់បានស្វែងរកឃើញករណីជំងឺមិនឆ្លងនេះ ដើម្បីធ្វើការអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា។ ក្រៅពីនោះមណ្ឌលសុខភាពជ្រោយចង្វារ ក៏មានផ្តល់សេវាពិគ្រោះជំងឺទូទៅ សង្រ្គោះបឋម ពិនិត្យផ្ទៃពោះមុនសម្រាល ពន្យាកំណើតទំនើប និងសម្ភព ជាពិសេសអ្នកជំងឺក្រីក្រ និងជនពិការ ត្រូវបានបង់ថ្លៃសេវាជំនួសក្នុងការពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយរាជរដ្ឋាភិបាលកម្ពុជា។
ចំណែកលោក កែវ ចេន មន្រី្តគម្រោង NCD របស់អង្គការRACHA(រ៉ាឆា) បានឲ្យដឹងថា ជាក់ស្តែងថ្ងៃនេះយើងបានរៀបចំវេទិកាផ្សព្វផ្សាយសុខភាពជូនប្រជាពលរដ្ឋ ហើយកម្មវិធីខាងលើនេះ ក៏ទទួលបានការឧបត្ថម្ភពីអង្គការយូនីសេហ្វ ផ្តល់ជូនមកអង្គការRACHA ដើម្បីធ្វើការងារតាមសហគមន៍ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយអនុវត្តលើការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តចំនួន៣ គឺការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តសែនសុខ និងការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តពោធិ៍សែនជ័យ។
ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ មានវ័យចាប់ពី៤០ឆ្នាំឡើងទៅបានមកទទួលសេវាពីក្រុមការងារគ្រូពេទ្យមណ្ឌលសុខភាពជ្រោយចង្វារ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលមន្រី្តសុខាភិបាល បានយកចិត្តទុកដាក់ ចុះមកពិនិត្យសុខភាពជូនដោយឥតគិតថ្លៃ។
ស្របពេលដែលអាកាសធាតុមានការប្រែប្រួលនិងឡើងកម្តៅ លោកស្រីប្រធានមណ្ឌលសុខភាពជ្រោយចង្វារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសារទឹកឲ្យបានច្រើន ជាពិសេសកុមារ ស្លៀកសំលៀកបំពាក់ឲ្យរលុងៗ និងព្យាយាមនៅក្នុងម្លប់ឲ្យបានច្រើន និងរបបអាហារក៏ជាកត្តាសំខាន់ផងដែរ ញ៉ាំស្អាត ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕ អត្ថបទ រដ្ឋា








