
ការិយាល័យនៃស្ថាប័នតំណាងរាស្រ្តរបស់ប្រទេសវៀតណាម នៅថ្ងៃពុធ (ទី១ ខែឧសភា) នេះ បានឲ្យដឹងថា សភាវៀតណាមគ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅរសៀលថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) ដើម្បីពិភាក្សាអំពីបញ្ហាបុគ្គលិក ដោយកិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃបន្ទាប់ពីប្រធាន គឺលោក Vuong Dinh Hue បានលាលែងពីតំណែង ដោយសារតែហេតុផលផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា កាលពីខែមុន សភាជាតិបានកោះប្រជុំពិសេសមួយ ដើម្បីទទួលយកការលាលែងពីតំណែងភ្លាមៗរបស់ប្រធានាធិបតីលោក Vo Van Thuong ដែលបានដាក់លិខិតសុំចាកចេញពីតួនាទី ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដែលអូសបន្លាយពេលយ៉ាងយូរ។
ក្រៅពីការពិភាក្សាអំពីការលាលែងពីតំណែងរបស់លោក Hue ហើយនោះ ភ្លាមៗ គេនៅមិនទាន់ច្បាស់ថា តើការសម្រេច ឬការតែងតាំងផ្សេងទៀត នឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំពិសេសនាថ្ងៃព្រហស្បតិ៍នេះដែរ ឬទេ ដោយសារប្រទេសនេះនៅតែត្រូវការស្វែងរក និងអនុម័តអ្នកស្នងតំណែងអចិន្ត្រៃយ៍ ទាំងសម្រាប់តួនាទីប្រធានាធិបតី និងប្រធានរដ្ឋសភា។
ប្រទេសវៀតណាមគ្មានមេដឹកនាំណាមានសិទ្ធិអំណាចធំជាងគេនោះទេ ហើយជាផ្លូវការត្រូវបានដឹកនាំដោយ «សសរស្តម្ភ» ទាំង៤ គឺប្រធានបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ អគ្គលេខាបក្ស គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុត នៅវៀតណាម៕