
រដ្ឋបាលលោក Joe Biden កាលពីថ្ងៃអង្គារ (ទី៣០ ខែមេសា) បានធ្វើដំណើរទៅកៀកនឹងការធ្វើឲ្យការប្រើប្រាស់កញ្ឆាជាឧក្រិដ្ឋកម្មសហព័ន្ធមិនសូវធ្ងន់ធ្ងរ ពោលគឺជាអ្វីដែលនឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់ដែលអាចសើរើគោលនយោបាយ ពាក់ព័ន្ធនឹងកញ្ឆាទូទាំងប្រទេស។
ប្រភពចំនួន២ បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា ក្រសួងយុត្តិធម៌ដែលទទួលខុសត្រូវលើរដ្ឋបាលអនុវត្តច្បាប់ប្រើប្រាស់គ្រឿងញៀន បានផ្តល់អនុសាសន៍ថា កញ្ឆាត្រូវបានចាត់ថ្នាក់ជាថ្នាំដែលគេហៅថា ថ្នាំញៀនក្នុងបញ្ជីសារធាតុញៀនទី៣ ដោយផលប៉ះពាល់មានពីកម្រិតមធ្យមទៅទាប អាស្រ័យលើរាងកាយ និងផ្លូវចិត្ត។
បច្ចុប្បន្ននេះ កញ្ឆាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីសារធាតុញៀនទី១ ដែលត្រូវបានបម្រុងទុកសម្រាប់គ្រឿងញៀន ដែលមានសក្តានុពលខ្ពស់ក្នុងការប្រើប្រាស់ខុសច្បាប់ ដូចជាហេរ៉ូអ៊ីន និងសារធាតុ LSD ជាដើម។
ការផាកពិន័យ សម្រាប់ការប្រើប្រាស់ថ្នាំញៀនចំនួន ៣ប្រភេទ មិនសូវជាធ្ងន់ធ្ងរនោះឡើយ នៅក្រោមច្បាប់សហព័ន្ធ ដោយសារធាតុទាំង ៣ប្រភេទនោះ រួមមានកេតាមីន និងទីលេណុល ជាមួយនឹងសារធាតុកូដេអ៊ីន។
យ៉ាងណាក្ដី ការចាត់ចែងច្បាប់ប្រើប្រាស់កញ្ឆាឡើងវិញនេះ បង្ហាញពីជំហានដំបូងឆ្ពោះទៅរកការបង្រួមគម្លាតដ៏ធំទូលាយ រវាងច្បាប់ប្រើប្រាស់កញ្ឆារបស់រដ្ឋ និងសហព័ន្ធ ដោយសារសារធាតុញៀនប្រភេទនេះ គឺស្របច្បាប់ នៅក្នុងទម្រង់មួយចំនួន ក្នុងរដ្ឋជិត ៤០។ យោងតាមប្រភព បានឲ្យដឹងថា សំណើច្បាប់នេះ កំពុងត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន ដើម្បីពិនិត្យ និងបញ្ចប់ ប៉ុន្តែពួកគេបានព្រមានថា នឹងនៅតែមានរយៈពេលសម្រាប់ការបញ្ចេញមតិជាសាធារណៈ និងដំណើរការបទប្បញ្ញត្តិ នាពេលខាងមុខ៕