
សារព័ត៌មានមួយក្រុម ក្នុងនោះរួមទាំង New York Daily News និង Chicago Tribune ផងដែរ បានប្តឹងក្រុមហ៊ុន Microsoft និង OpenAI នៅតុលាការសហព័ន្ធក្រុងញ៉ូវយ៉ក កាលពីថ្ងៃអង្គារ (ទី៣០ ខែមេសា) ដោយចោទប្រកាន់ក្រុមហ៊ុនទាំង២ ពីបទប្រើប្រាស់ការងាររបស់អ្នកសារព័ត៌មានមិនត្រឹមត្រូវ ដើម្បីបណ្តុះបណ្តាលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។
សារព័ត៌មានចំនួន ៨ស្ថាប័ន ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគ Alden Global Capital's MediaNews Group បានឲ្យដឹងនៅក្នុងពាក្យបណ្តឹងនោះថា ក្រុមហ៊ុនទាំងនោះបានចម្លងអត្ថបទរាប់លានច្បាប់ដោយខុសច្បាប់ ដើម្បីបណ្តុះបណ្តាលផលិតផល AI ក្នុងនោះរួមទាំងកម្មវិធី Copilot របស់ក្រុមហ៊ុន Microsoft និងកម្មវិធី ChatGPT របស់ក្រុម OpenAI។
ពាក្យបណ្តឹងនេះកើតមានឡើងបន្ទាប់ពីមានការប្ដឹងប្ដល់ស្រដៀងគ្នានេះប្រឆាំងនឹងក្រុមហ៊ុន Microsoft និង OpenAI ដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុរាប់ពាន់លានដុល្លារពីក្រុមហ៊ុន Microsoft ដោយការប្ដឹងដែលកំពុងបន្តមាននោះ ត្រូវបានធ្វើឡើងដោយសារព័ត៌មាន New York Times និងសារព័ត៌មានអនឡាន The Intercept, Raw Story និង AlterNet។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន OpenAI កាលពីថ្ងៃអង្គារនោះ បាននិយាយថា ក្រុមហ៊ុនយកចិត្តទុកដាក់ «យ៉ាងខ្លាំង នៅក្នុងផលិតផលរបស់យើង និងដំណើរការរចនា ដើម្បីគាំទ្រដល់អង្គភាពសារព័ត៌មាន»។ តែអ្នកនាំពាក្យក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយលើពាក្យបណ្តឹងនេះទេ។
ករណីរបស់សារព័ត៌មាននេះ គឺស្ថិតក្នុងចំណោមបណ្តឹងសំខាន់ៗជាច្រើនដែលនាំមកដោយម្ចាស់កម្មសិទ្ធិថតចម្លង ឬកម្មសិទ្ធិអ្នកនិពន្ធ ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា ជុំវិញទិន្នន័យដែលប្រើដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI របស់ពួកគេ៕