
នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅថ្ងៃពុធ (ទី១ ឧសភា) នេះ បានប្រកាសពីអំពើហិង្សាលើស្ត្រីថា ជា «បញ្ហាគួរឲ្យព្រួយបារម្ភ» និងជា «វិបត្តិជាតិ» ដោយការលើកឡើងបែបនេះកើតមាននៅប៉ុន្មានថ្ងៃបន្ទាប់ពីមានការតវ៉ាក្នុងទីក្រុងធំៗមួយចំនួន។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Anthony Albanese បានប្រកាសអំពីវិធានការ និងថវិកា ដើម្បីដោះស្រាយជាមួយនឹង «ទស្សនៈជ្រុលនិយមរបស់ពួកបុរសមានភាពពិសពុល ទប់ស្កាត់រូបភាពអាសអាភាសក្លែងក្លាយ ហើយនិងផ្ដល់ជំនួយមូលនិធិដល់ជនរងគ្រោះ។ លោក Albanese បានប្រាប់ប្រជាជនអូស្ត្រាលីថា៖ «យើងទាំងអស់គ្នាត្រូវទទួលខុសត្រូវ ក្នុងការបំបាត់អំពើហិង្សានេះ»។
ក្នុងឆ្នាំ២០២៤ រហូតមកទល់ពេលនេះ ស្ត្រីចំនួន ២៨នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេស ដោយជាមធ្យមមានស្លាប់ម្នាក់រៀងរាល់ ៤ថ្ងៃម្តង។ តាមការប្រៀបធៀប ស្ត្រី ១៤នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ ការស្លាប់នេះបានបង្កឲ្យមានការថ្លឹងថ្លែងឡើងវិញ ដោយអ្នករួចជីវិតពីអំពើហិង្សាក្នុងគ្រួសារ និងសេវាកម្មគាំទ្រ ទាមទារឲ្យមានច្បាប់តឹងរ៉ឹងជាងនេះ នៅក្នុងការតវ៉ាទូទាំងប្រទេស កាលពីសប្តាហ៍មុន។
លោក Albanese បានប្រកាសនៅថ្ងៃទី១ ខែឧសភានេះថា ច្បាប់ថ្មីនឹងត្រូវបានរួមបញ្ចូល ដើម្បីទប់ស្កាត់រូបអាសអាភាសក្លែងក្លាយ និងការផ្តល់មូលនិធិបន្ថែម ដើម្បីឲ្យក្រុមឃ្លាំមើលអនឡាញរបស់ប្រទេសអនុវត្តបច្ចេកវិទ្យាអះអាងពីអាយុ។ ហើយជាមួយគ្នានេះ រូបលោកក៏បានប្រកាសផ្តល់ថវិកាចំនួន ៩២៥លានដុល្លារអូស្ត្រាលី (៥៩៨លានដុល្លារអាមេរិក) ដើម្បីជួយជំរុញដល់សេវាកម្មគាំទ្រ សម្រាប់អ្នកដែលភៀសខ្លួនចេញពីស្ថានភាពហិង្សា៕