
ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានកំណត់គោលដៅលើនាវាកុងតឺន័រ MSC Orion នៅក្នុងការវាយប្រហារដោយយានដ្រូននៅមហាសមុទ្រឥណ្ឌា ជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងបន្តរបស់ពួកគេប្រឆាំងនឹងការដឹកជញ្ជូនអន្តរជាតិ ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបនហ្កាហ្សា។
នាវា MSC Orion កំពុងធ្វើដំណើរនៅចន្លោះកំពង់ផែនៅក្នុងទីក្រុងសាញ (Sines) ប្រទេសព័រទុយហ្គាល់ និងទីក្រុងសាឡាឡា (Salalah) ប្រទេសអូម៉ង់ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនLSEG។
សារព័ត៌មានរ៉យទ័រ បានរកឃើញព័ត៌មានផ្ទុយគ្នាអំពីម្ចាស់នាវា MSC Orion ដែលត្រូវបានចុះបញ្ជី។ យោងតាមក្រុមហ៊ុន LSEG និងអ្នកផ្តល់ទិន្នន័យផ្សេងទៀត នាវានេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Zodiac Maritime ដែលមួយផ្នែកជាកម្មសិទ្ធិរបស់ពាណិជ្ជករអ៊ីស្រាអែល លោក Eyal Ofer។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុនទំនាក់ទំនងសាធារណៈតំណាងឲ្យក្រុមហ៊ុន Zodiac Maritime បាននិយាយថា ក្រុមហ៊ុននេះ មិនដែលមាននាវានោះទេ។
ក្រុមសកម្មប្រយុទ្ធហ៊ួទីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀត នៅសមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ដោយបង្ខំឲ្យក្រុមហ៊ុនអ្នកដឹកជញ្ជូនទំនិញប្តូរផ្លូវធ្វើដំណើរ ទៅកាន់ផ្លូវធ្វើដំណើរដ៏វែង និងថ្លៃជាងមុន នៅជុំវិញអាហ្វ្រិកខាងត្បូង ហើយបង្កឲ្យមានការភ័យខ្លាចថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាសអាចរីករាលដាល និងអស្ថិរភាព នៅមជ្ឈិមបូព៌ា។