
កម្មករកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងសេអ៊ូល នាថ្ងៃពុធ (ទី១ ខែឧសភា) នេះ ដើម្បីរៀបចំការតវ៉ាដ៏ធំនៃទិវាពលកម្មអន្តរជាតិ ក្នុងគោលបំណងរិះគន់គោលនយោបាយការងាររបស់រដ្ឋាភិបាល និងទាមទារឲ្យមានសិទ្ធិការងារប្រសើរជាងនេះ។
លោក Yang Kyung-soo មេដឹកនាំសហភាពសហជីពកូរ៉េ ដែលជាសហជីពមួយក្នុងចំណោមសហជីពធំៗដឹកនាំការជួបជុំនេះ បានឲ្យដឹងថា៖ «ចាប់តាំងពីលោក Yoon Suk Yeol ចូលកាន់តំណែង សិទ្ធិរបស់កម្មករបានធ្លាក់ចុះយ៉ាងខ្លាំង»។
កម្មករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល ដោយទាមទារឲ្យលោកប្រធានាធិបតីចុះចេញពីតំណែង និងកែប្រែច្បាប់ការងារ។ អ្នករៀបចំការជួបជុំនេះ បានប្រាប់ថា កម្មករប្រហែល ២៥.០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាន់ជំហររឹងរូសប្រឆាំងនឹងការតវ៉ា និងកូដកម្មការងារ ហើយរូបលោកត្រូវបានសកម្មជនសិទ្ធិមនុស្សចោទប្រកាន់ថា បានប្រើប្រព័ន្ធច្បាប់ប្រឆាំងនឹងអ្នករិះគន់។
គណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon បានបរាជ័យក្នុងការចូលទៅកាត់បន្ថយការក្តាប់អំណាចរបស់គណបក្សប្រឆាំងនៅសភា ក្នុងការបោះឆ្នោតថ្ងៃទី១០ ខែមេសា ដោយលទ្ធផលនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបោះឆ្នោតប្រជាមតិលើអំណាច ២ឆ្នាំដំបូងរបស់មេដឹកនាំអភិរក្សនិយមរូបនេះ៕