បាល់ទាត់៖ បាល់ទាត់អឺរ៉ុបកំពុងចាប់ផ្តើមមើលឃើញពីទំហំ នៃផលប៉ះពាល់ហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺរាតត្បាតរីករាលដាលសកល Covid-19 បន្ទាប់ពីការធ្លាក់ចុះប្រាក់ចំណូលចំនួន ៣,៤ពាន់លានផោនក្នុងរដូវកាល ២០១៩-២០ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហិរញ្ញវត្ថុ Daloitte។

ប្រាក់ចំណូលសរុបបានធ្លាក់ចុះដល់ ២២.១ពាន់លានផោន ដោយលីគបាល់ទាត់នៅអឺរ៉ុបភាគច្រើនត្រូវបញ្ឈប់នៅខែមីនា ឆ្នាំ២០២០ មុននឹងបន្តដោយគ្មានអ្នកទស្សនា។ នេះគឺជាការបាត់បង់ដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨-២០០៩។ ការត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ Deloitte បានបង្ហាញថា ក្លឹបនៅទូទាំងលីគអង់គ្លេស English Football League ទាំងបីកំរិតបានខាតបង់ចំនូលជារួម ១៣% រឺ ១៥០លានផោន មកសល់ត្រឹម ៩៤៣លានផោន។ Deloitte បានឱ្យដឹងកាលពីខែមិថុនាដែរថា ប្រាក់ចំណូលរួមសម្រាប់ក្លឹបនៅ Premier League ក្នុងឆ្នាំ២០១៩-២០ បានធ្លាក់ចុះប្រហែល ១៣% រឺ ៦៤៨លានផោន មកសល់ត្រឹម ៤.៥ពាន់លានផោន។
នៅពេលបញ្ចូលគ្នាជាមួយលីកធំៗ ៥ផ្សេងទៀតរបស់អឺរ៉ុបការធ្លាក់ចុះប្រាក់ចំណូលកើនឡើងគឺ ១១% រឺ ១.៨ពាន់លានផោន មកសល់ត្រឹម ១៣.២ពាន់លានផោន។ របាយការណ៍បានបញ្ជាក់ថា ខណៈដែលក្លឹបនៅ EFL បានបង្ហាញនូវភាពចុះខ្សោយគួរឱ្យកត់សំគាល់នោះ តួលេខនៃការខាតបង់ប្រាក់ចំនូលកាន់តែគួរឱ្យព្រួយបារម្ភសំរាប់រដូវកាល ២០២០-២០២១ កន្លងមកដែលស្ទើរគ្រប់ការប្រកួតក្លិបនីមួយៗគ្មានចំនូលក្នុងថ្ងៃប្រកួត។ ទោះយ៉ាងណា ក្លឹបនៅជុំវិញទ្វីបអឺរ៉ុបសង្ឃឹមថា ហិរញ្ញវត្ថុរបស់ពួកគេនឹងមានភាពប្រសើរឡើងវិញនៅរដូវកាលថ្មីខាងមុខ ដែលអ្នកគាំទ្រនឹងអាចត្រលប់មកទស្សនាបានវិញ៕
អត្ថបទ៖នាង សុភាវុធ