
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Sami Abu Zuhri បាននិយាយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងខិន (Antony Blinken) កំពុងបន្ទោសការពន្យារពេលនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា លើក្រុមប៉ាឡេស្ទីនដោយអយុត្តិធម៌។
លោក ប្ល៊ីនខិន ដែលជួបជាមួយមេដឹកនាំអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីវិធីដែលអាចទទួលបានជំនួយបន្ថែមទៀត ទៅកាន់តំបន់ហ្កាហ្សា បានជំរុញម្តងហើយម្តងទៀតឲ្យក្រុមហាម៉ាសទទួលយកការផ្តល់ជូនពីអ៊ីស្រាអែល ដែលនឹងដោះលែងចំណាប់ថ្នូរ និងសម្រេចបានបទឈប់បាញ់ដោយពណ៌នាថា វាជាសម្បុសដ៏ពិសេស។
លោក Abu Zuhri បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការអត្ថាធិប្បាយរបស់ លោក ប្ល៊ីនខិន ផ្ទុយពីការ ពិត។ វាមិនចម្លែកទេសម្រាប់ លោក ប្ល៊ីនខិន ដែលត្រូវបានគេស្គាល់ថា ជារដ្ឋមន្ត្រីការបរទេសរបស់អ៊ីស្រាអែល មិនមែនអាមេរិក ដើម្បីធ្វើសេចក្តីថ្លែងការណ៍បែបនេះ»។
លោក បានបន្ថែមថា៖«សូម្បីតែក្រុមចរចារបស់អ៊ីស្រាអែល បានសារភាពថា លោក ណេតាន់យ៉ាហ៊ូ គឺជាអ្នកដែលរារាំងការឈានដល់កិច្ចព្រមព្រៀងមួយ»។
លោក Abu Zuhri បាននិយាយថា ក្រុមនេះ នៅតែសិក្សាលើការផ្តល់បទឈប់បាញ់ថ្មីៗនេះ។ ក្រុមហាម៉ាស កំពុងស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ខណៈដែលលោក ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលត្រូវការកម្ទេចក្រុមហាម៉ាស ដែលនៅសេសសល់នៅទីក្រុងរ៉ាហ្វា នៃតំបន់ហ្កាហ្សាភាគខាងត្បូង ដើម្បីសន្តិសុខផ្ទាល់ខ្លួន ដោយមាន ឬគ្មានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស។