
ត្រីរាប់ម៉ឺនក្បាលបានងាប់ នៅក្នុងអាងស្តុកទឹកមួយ ក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ដោយអ្នកស្រុក និងបណ្ដាញសារព័ត៌មាន ឲ្យដឹងថា រលកកម្ដៅក្ដៅចង់ឆេះ និងការគ្រប់គ្រងបឹង គួរត្រូវស្តីបន្ទោស។
មិនខុសពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ជាច្រើនដែរ ដែលថ្មីៗនេះ សាលារៀនត្រូវបានបង្ខំឲ្យបិទ មុនកាលកំណត់ ហើយការប្រើប្រាស់អគ្គិសនីបានកើនឡើង ប្រទេសវៀតណាមភាគខាងត្បូង និងកណ្តាល ត្រូវបានវាយប្រហារដោយកម្ដៅស្ទើរទ្រាំមិនបាននេះ។
អ្នកស្រុក នៅតំបន់ Trang Bom ដែលបង្ហាញអត្តសញ្ញាណខ្លួនឯងត្រឹមឈ្មោះ Nghia បានប្រាប់សារព័ត៌មាន AFP ថា៖ «ត្រីទាំងអស់នៅក្នុងអាងស្តុកទឹក Song May បានងាប់ដោយសារខ្វះទឹក។ ការរស់នៅប្រចាំថ្ងៃរបស់ពួកយើង បានចាប់ផ្ដើមច្របូកច្របល់ ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ដោយសារតែក្លិនស្អុយពីត្រីងាប់នេះ»។
រូបភាពជាច្រើនបង្ហាញពីអ្នកស្រុកដើរលុយ និងជិះទូកឆ្លងកាត់អាងស្តុកទឹក Song May ទំហំ ៣០០ហិកតា ដោយផ្ទៃទឹកស្ទើរតែមើលមិនឃើញដោយសារចំនួនហ្វូងត្រីដែលស្លាប់អណ្ដែតរដូករណែល។
បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា តំបន់នេះមិនមានភ្លៀងធ្លាក់ច្រើនសប្តាហ៍មកហើយ ហើយទឹកនៅក្នុងអាងមានកម្រិតទាបពេក ដែលអាចឲ្យសត្វរស់បាន៕