
នគរបាលឥណ្ឌាបានប្រាប់ឲ្យដឹងថា កងកម្លាំងសន្តិសុខឥណ្ឌា បានសម្លាប់ពួកឧទ្ទាមម៉ៅនិយមយ៉ាងហោចណាស់ ១០នាក់ ក្នុងហេតុការណ៍ប្រយុទ្ធគ្នាដោយកាំភ្លើង នៅក្នុងព្រៃនៃភាគកណ្តាលប្រទេស កាលពីថ្ងៃអង្គារ (ទី៣០ ខែមេសា) ដែលជាការប៉ះទង្គិចគ្នាដ៏ធំលើកទី២ ក្នុងខែនេះ ចំពេលមានការបោះឆ្នោតជាតិ។
ការប្រយុទ្ធគ្នា នៅតំបន់ព្រៃភ្នំ Abuhmad របស់តំបន់ Bastar ដែលត្រូវបានធ្វើឲ្យខ្ទេចខ្ទីដោយពួកម៉ៅនិយម បានកើតមានឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៦ ខែមេសា ដែលយុទ្ធជនរបស់ពួកឧទ្ទាម ២៩នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ក្បែរនោះ។
ក្រុមឧទ្ទាមដែលដើរតាមទម្រង់លទ្ធិកុម្មុយនីស្តផ្សព្វផ្សាយដោយមេដឹកនាំចិនលោក ម៉ៅ សេទុង បានតស៊ូតាមបែបទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលអស់ជាច្រើនទស្សវត្សរ៍មកហើយ ដោយភាគច្រើននៅភាគកណ្តាល និងភាគខាងកើតប្រទេសឥណ្ឌា ដែលនាំឲ្យមានការប្រយុទ្ធគ្នាយូរម្ដង និងបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។
នគរបាលក្នុងរដ្ឋ Chattisgarh បាននិយាយថា ពួកគេបានរកឃើញសពយ៉ាងហោចណាស់ ១០នាក់ និងអាវុធជាច្រើនដើម បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅព្រឹកថ្ងៃអង្គារនោះ៕