
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃពុធ (ទី១ ឧសភា) នេះ បាននិយាយថា អាជ្ញាធរអង់គ្លេសបានចាប់ផ្តើមឃុំខ្លួនជនអន្តប្រវេសន៍ ដើម្បីត្រៀមបញ្ជូនពួកគេទៅកាន់ប្រទេសរ៉្វាន់ដា ក្នុងរយៈពេលពី ៩ ទៅ ១១សប្តាហ៍បន្ទាប់ ដោយបង្កើតនូវមូលដ្ឋានគ្រឹះ សម្រាប់គោលនយោបាយអន្តោប្រវេសន៍ដ៏លេចធ្លោរបស់នាយករដ្ឋមន្ត្រីលោក Rishi Sunak។
គួរបញ្ជាក់ថា ច្បាប់ដែលនឹងបើកផ្លូវឲ្យមានការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅរ៉ា្វន់ដា ប្រសិនបើពួកគេមកដល់ចក្រភពអង់គ្លេសដោយគ្មានការអនុញ្ញាតនោះ ត្រូវបានសភាអនុម័តក្នុងខែមេសា ហើយលោក Sunak ចង់ឲ្យជើងហោះហើរនិរទេសដំបូង ត្រូវបានចាប់ផ្ដើមក្នុងខែកក្កដា។
មកទល់ពេលនេះ ក្នុងឆ្នាំនេះ មានជនអន្តោប្រវេសន៍ជាង ៧.៥០០នាក់ ដែលបានទៅដល់ប្រទេសអង់គ្លេសតាមទូកតូចៗ ដោយចាកចេញពីប្រទេសបារាំង ហើយរដ្ឋាភិបាលនិយាយថា គោលនយោបាយនេះនឹងរារាំងមនុស្សមិនឲ្យធ្វើដំណើរប្រកបដោយគ្រោះថ្នាក់តាមផ្លូវទឹក។ ជាក់ស្ដែង មនុស្សយ៉ាងហោចណាស់ ៥នាក់ បានស្លាប់ ពេលព្យាយាមឆ្លងកាត់ផ្លូវទឹក កាលពីសប្តាហ៍មុន។
តែយ៉ាងណាក្ដី គេរំពឹងថា អង្គការសប្បុរសធម៌ខាងសិទ្ធិមនុស្ស និងសហជីពនានា ដែលប្រឆាំងនឹងគោលនយោបាយនេះ នឹងចាប់ផ្តើមការជំទាស់តវ៉ាផ្នែកច្បាប់ថ្មី ដើម្បីរារាំងជើងហោះហើរនិរទេសមិនឲ្យចាប់ផ្ដើមបាន បន្ទាប់ពីតុលាការកំពូលចក្រភពអង់គ្លេស បានប្រកាសថា គោលនយោបាយនេះមិនស្របច្បាប់នោះឡើយ កាលពីឆ្នាំមុន។
រូបភាពដែលចេញផ្សាយដោយក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេស នៅថ្ងៃពុធនេះ បានបង្ហាញឲ្យឃើញថា បុរសម្នាក់ត្រូវបានចាប់ដាក់ឡានដោយមន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ ហើយម្នាក់ទៀតត្រូវបាននាំចេញពីផ្ទះរបស់គេដោយមានជាប់ខ្នោះដៃ៕