ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងនគរបាលកាលពីថ្ងៃពុធទី១ឧសភា សប្ដាហ៍នេះ នៅឯសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក្នុងទីក្រុង Los Angeles (UCLA) ដោយមានការវាយតប់ រុញច្រានគ្នា ទាត់ធាក់ និងប្រើដំបងវាយគ្នាទៅវិញទៅមក។ ប៉ុន្មានម៉ោងកន្លងទៅនេះ កងកម្លាំងនគរបាលបានឆ្មក់ចូលក្នុងអគារមួយនៅសាកលវិទ្យាល័យ Columbia ក្រោយក្រុមបាតុករគាំទ្រប៉ាឡេស្ទីនបានចូលកាន់កាប់ ដើម្បីបំបែកបាតុកម្មដែលបានធ្វើឱ្យមានភាពចលាចលនៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ខណៈមានការបំផុសគំនិតឲ្យបន្តការតវ៉ាលុះត្រាការទាមទារបានសម្រេច។

យោងតាមសារព័ត៌មាន Arizona Daily Star ជាមួយគ្នានោះ នគរបាល និងក្រុមបាតុករបានប៉ះទង្គិចគ្នានៅបរិវេណសាកលវិទ្យាល័យ អារីហ្សូណាស៍ ធូសុន (Arizona's Tucson)។
បន្ទាប់ពីមានការប៉ះទង្គិចគ្នាពីរ-បី ម៉ោង រវាងបាតុករគាំទ្រប៉ាឡេស្ទីន និងក្រុមគាំទ្រអ៊ីស្រាអែលនៅ សាកលវិទ្យាល័យ UCLA កងកម្លាំងនគរបាលពាក់មួកសុវត្ថិភាព និងប្រដាប់ដោយខែលការពារ បានបង្កើតជាជួរ ហើយបំបែកក្រុមអ្នកមតវ៉ាបន្តិចម្តងៗ និងឈានដល់ការបញ្ឈប់អំពើហិង្សា។

ការបោះជំរំតង់តវ៉ា អំពាវនាវឱ្យសាកលវិទ្យាល័យនានាឈប់ធ្វើអាជីវកម្មជាមួយអ៊ីស្រាអែល ឬក្រុមហ៊ុនដែលគាំទ្រសង្រ្គាមនៅដែនដីហ្កាហ្សា បានរីករាលដាលពាសពេញសហរដ្ឋអាមេរិក នៅក្នុងចលនានិស្សិតដ៏ចលាចល មិនធ្លាប់បានឃើញនៅក្នុងសតវត្សទី ២១ ដែលចាប់ពីរដ្ឋញូវយ៉ក ដល់រដ្ឋតិចសាស់និងកាលីហ្វ័រនីញ៉ា។ ការបង្រ្កាបជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងនគរបាលនៅតាមបរិវេណសាកលវិទ្យាល័យមួយចំនួន បានធ្វើឱ្យមានការរំជើបរំជួលកើតចេញពីចលនាតវ៉ារបស់និស្សិតដែលមានទំហំធំជាងអំឡុងសម័យសង្គ្រាមវៀតណាមទៅទៀត។

មានការប្រឈមដាក់នឹងការអនុវត្តច្បាប់ពោពេញដោយហឹង្សា និងមានការចាប់ខ្លួនមនុស្សជាង១ ពាន់នាក់ អំឡុងការបង្ក្រាបនោះ។ ក្នុងករណីដ៏កម្រ មន្ត្រីសាកលវិទ្យាល័យ និងអ្នកដឹកនាំការតវ៉ាបានចុះកិច្ចព្រមព្រៀងដើម្បីរឹតបន្តឹងការរំខានដល់ជីវិតក្នុងសាកលវិទ្យាល័យ និងការប្រារព្ធពិធីនានា ដែលនឹងចាប់ផ្តើមនាពេលខាងមុខ៕