ភ្នំពេញ ៖ ភារធារីអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យកម្ពុជា លើកិច្ចការងារទប់ស្កាត់ នៃការរីករាលដាលនូវមេរោគសាកលកូវីដ១៩ បានឆាប់រហ័ស បើទោះបីជាការទប់ស្កាត់នេះពុំទាន់ជោគជ័យធំធេងក្តី ក៏ប៉ុន្តែកម្ពុជារៀបចំបានយ៉ាងល្អ និងឆាប់រហ័សផងដែរចំពោះប្រព័ន្ធការពារនូវមេរោគដ៏សាហាវមួយនេះ។
ថ្លែងក្នុងឱកាសទទួលនូវវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ភារធារី (ឯកអគ្គរដ្ឋទូតស្តីទី) បានលើកឡើងថា ទាំងអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យរបស់កម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងកិច្ចការពារទប់ស្កាត់នៃការរីករាលដាលនូវមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ សហរដ្ឋអាមេរិកនៅតែធ្វើជាដៃគូដ៏ល្អ និងបន្តផ្តល់ឧបករណ៍នានាដល់កម្ពុជាដើម្បីបញ្ចប់ នៃការរីករាលដាលនៃមេរោគនេះ។
សូមបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់កម្ពុជា នាព្រឹកថ្ងៃនេះ មានចំនួន៥០ម៉ឺនដូស ដោយឡែកចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់នៅថ្ងៃទី២ ខែសីហាខាងមុខ។
ថ្លែងនៅក្នុងឱកាសទទូល នូវវ៉ាក់សាំងនេះដែរ ឯកឧត្តម បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយរហូតមកដល់ពេលពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានមានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញជាដើម។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃនេះ មានប្រទេសជាមិត្តចំនួន៤ហើយបានផ្តល់ជំនួយជាវ៉ាក់សាំងមកកម្ពុជា ដោយក្នុងនោះមានប្រទេសចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕
អត្ថបទ ៖ បាន ចក់
