មានស្នាមញញឹម និងការសើចសប្បាយពេញបន្ទប់រៀននៃសាលាបឋមសិក្សារដ្ឋមួយនៅរដ្ឋ ឧតាប្រទេស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា នៅពេលសិស្សបានលោតចូលទៅក្នុងអាងទឹកបណ្តោះអាសន្នមួយ ដែលរៀបចំដោយគ្រូរបស់ពួកគេ ដើម្បីទប់ទល់នឹងរលកកម្ដៅក្ដៅខ្លាំងនៅសប្ដាហ៍នេះ។

គ្រូបង្រៀននៃសាលាបឋមសិក្សាគំរូនៅភូមិ មេសោណាពួរ (Mehsaunapur) ក្នុងស្រុក កាននួច (Kannuaj) បាននិយាយថា ពួកគេព្រួយបារម្ភពីចំនួនអ្នកចូលរៀនទាបនៅក្នុងសាលា ដោយសារតែការកើនឡើងនៃសីតុណ្ហភាពនៅក្នុងតំបន់ ដូច្នេះហើយទើបនឹងឃើញគំនិតនេះឡើង។

សិស្សានុស្សមានការរំភើបចិត្តយ៉ាងខ្លាំងដែលបានចូលលេងទឹកក្នុងអាង ហើយបាននិយាយថា ពួកគេរីករាយនឹងបទពិសោធនេះ។
សាលារៀនមួយនេះបានមើលឃើញវត្តមានសិស្សកើនឡើងចាប់តាំងពីមានសកម្មភាពនេះ ហើយ និយាយថា ពួកគេបានស្នើឱ្យអាជ្ញាធរធ្វើអាងហែលទឹកអចិន្ត្រៃយ៍សម្រាប់សិស្ស។
ការិយាល័យអាកាសធាតុ របស់ប្រទេសឥណ្ឌា បានព្យាករណ៍សីតុណ្ហភាពពី៣៩ អង្សាសេទៅ ៤៣អង្សាសេ សម្រាប់សប្តាហ៍ខាងមុខនេះ ដែលបង្ហាញពីស្ថានភាពរលកកម្ដៅខ្លាំងនៅក្នុងតំបន់នេះ ខណៈ មានមនុស្ស២នាក់ បានស្លាប់ដោយសារជំងឺសុរិយរោគ ឬកម្ដៅក្ដៅខ្លាំងពេក ៕