ចលនាអ៊ីស្លាមប៉ាឡេស្ទីន ឬហៅថាក្រុមហាម៉ាស កាលពីថ្ងៃពុធ (០១ ឧសភា) បានព្រមានថា ការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលនឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែល វាយប្រហារថ្មើជើងលើទីក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។

លោក អូសាម៉ា ហាមដាន (Osama Hamdan) មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់ម៉ាណា (al-Manar) ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ថា ក្រុមហាម៉ាស នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនបើកប្រតិបត្តិការយោធាជើងគោកប្រឆាំងនឹងក្រុងរ៉ាហ្វា។

ដោយចោទអ៊ីស្រាអែល ថាកំពុង «គំរាមគ្រប់ភាគីដោយប្រើការវាយប្រហាររបស់ខ្លួនលើក្រុង រ៉ាហ្វា» មន្ត្រីហាម៉ាសរូបនេះបានសង្កត់ធ្ងន់ថា «ចលនាតស៊ូនៅតែមានអំណាចដើម្បីការពារប្រជាជនហ្កាហ្សា»។ មេដឹកនាំក្រុមហាម៉ាស និងកងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស បានរក្សាទំនាក់ទំនងជាមួយក្រុមនយោបាយរបស់ខ្លួន ហើយបន្តពង្រឹងជំហរនៅខ្សែប្រយុទ្ធ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលនឹងវាយចូលទៅក្នុងទីក្រុង រ៉ាហ្វា និងលុបបំបាត់កងវរសេនាតូចហាម៉ាស នៅទីនោះ ទោះជា «មាន ឬមិនមាន» កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសក៏ដោយ៕