រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធ (០១ ឧសភា) ថា លោកនៅតែមិនបានឃើញផែនការការពារជនស៊ីវិលណាមួយក្នុងការវាយលុកជើងគោកដែលបានគ្រោងទុករបស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា នោះទេ ហើយទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រប្រតិបត្តិការបែបនេះឡើយ បើពុំមានផែនការមនុស្សធម៌ជាក់លាក់។

លោក ប្លីងខិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជួបប្រជុំគ្នានៅទីក្រុងហ្សេរុយសាឡឹម រយៈពេលពីរម៉ោងកន្លះ បន្ទាប់មកអ៊ីស្រាអែលបាននិយាយម្តងទៀតថាប្រតិបត្តិការ រ៉ាហ្វា នឹងបន្តទៅមុខ ទោះជាមានជំហរប្រឆាំងរបស់សហរដ្ឋអាមេរិក និងការព្រមានរបស់អង្គការសហប្រជាជាតិ ដែលថានឹងនាំឱ្យមាន «សោកនាដកម្ម» ក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តបំផ្លាញទម្រង់ប្រយុទ្ធរបស់ក្រុមហាម៉ាស ដែលនៅសេសសល់ទោះជាមានសម្ពាធខ្លាំងក៏ដោយ។

អ៊ីស្រាអែល គឺជាទីឈប់សំចតចុងក្រោយក្នុងដំណើរទស្សកិច្ចមជ្ឈិមបូព៌ារបស់ប្រមុខការទូតអាមេរិករូបនេះ ដែលជាដំណើរលើកទីប្រាំពីររបស់ខ្លួនទៅកាន់តំបន់ដែលត្រូវបានធ្លាក់ចូលទៅក្នុងជម្លោះកាលពីខែតុលាឆ្នាំមុន នៅពេលដែលក្រុមហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល។ ដំណើរទស្សកិច្ចនេះបានផ្តោតជាសំខាន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា៕
