បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃពុធ (០១ ឧសភា) ថា «នេះគឺជារឿងដ៏ល្អបំផុតក្នុងការមើលឃើញ» មន្ត្រីនគរបាលក្រុងញូវយ៉ក ឆ្មក់ចូលអគារសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) ដែលត្រូវបានកាន់កាប់ដោយនិស្សិតបាតុកម្មគាំទ្រប៉ាឡេស្ទីន ដោយហៅក្រុមបាតុករទាំងនោះថា «ជាពួកឆ្កួតលីលា និងជាអ្នកអាណិតអាសូរក្រុមហាម៉ាស»។

លោក ត្រាំ បានប្រាប់អ្នកគាំទ្រនៅឯការប្រមូលផ្តុំយុទ្ធនាការនៅរដ្ឋ វីស្ខនស៊ីន (Wisconsin) ថា «ក្រុងញូវយ៉ក បានស្ថិតនៅក្រោមការឡោមព័ទ្ធកាលពីយប់មិញ ហើយនោះជារឿងល្អខ្លាំងណាស់»។ លោកបានសរសើរមន្ត្រីនគរបាលដែលបានចាប់ខ្លួនបាតុករប្រមាណ ៣០០ នាក់។

លោក ត្រាំ បាននិយាយដោយយោងលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីផែនការរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការទទួលយកជនភៀសខ្លួនហ្កាហ្សា ថា «យើងមិនត្រូវនាំយកជនភៀសខ្លួនរាប់ពាន់នាក់ពីចំណុចកណ្តាលភេរវកម្ម ដូចជាតំបន់ហ្កាហ្សា នេះមកអាមេរិកទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។

ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស មកពីតំបន់ហ្កាហ្សាស្ទ្រីប និងការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់លើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានធ្វើឱ្យមានកំណើនដ៏ធំបំផុតនៃសកម្មភាពតវ៉ារបស់និស្សិតអាមេរិក ចាប់តាំងពីការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ក្នុងឆ្នាំ២០២០ មក រួមទាំងឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វជាច្រើន៕