សៀមរាប ៖ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានប្រកាសបិទមិនឲ្យចូលទស្សនាប្រាសាទនានាទាំងភ្ញៀវជាតិ និងអន្ដរជាតិ នៅក្នុងរមណីយដ្ឋានអង្គរ ជាបណ្តោះអាសន្នជាលើកទី២ រយៈពេល២អាទិត្យទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ។ការប្រកាសបិទនេះ ចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១នេះ។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី៣០ខែកក្កដានេះថា ដោយអនុលោមតាមសេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានសម្រេចបិទការលក់សំបុត្រ ចូលទស្សនា ប្រាសាទអង្គរ ក៏ដូចជាការចូលទស្សនាតាមប្រាសាទនានា នៅក្នុងឧទ្យាអង្គរជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍ ដោយចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១នេះ។
អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរអង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឲ្យបានដឹងពីការប្រកាសបិទនេះ។
អាជ្ញាធរទាំងពីរនេះ បានបញ្ជាក់ថា ការសម្រេចបិទការលក់សំបុត្រចូលប្រាសាទនានា នៅក្នុងរមណីយដ្ឋានបុរាណមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩បំម្លែងថ្មីប្រភេទដែលតា (Delta)ចូលក្នុងសហគមន៍។
លោក បានបន្ដថា បើទោះបី រមណីយដ្ឋានអង្គរទាំងមូលត្រូវបានបិទ មិនអោយចូលទស្សនាជាបណ្ដោះអាសន្នក្ដី ប៉ុន្ដែសម្រាប់ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា នៅតែបន្ដបំពេញការងារ ធ្វើការជួសជុល និងអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរដដែល។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានចេញសេចក្តីសម្រេចកំណត់"តំបន់ ក្រហម" ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង និង "តំបន់លឿងទុំ"នៅក្នុងភូមិសាស្ត្រឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
សូមបញ្ជាក់ថា កាលពីខែមេសាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ក៏បានប្រកាសរួមគ្នាពីការផ្អាកលក់សំបុត្រ និងការចូលទស្សនារមណីយដ្ឋានអង្គរចំនួន២៣ថ្ងៃម្ដងមកហើយ ដោយក្នុងនោះ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាល ប្រកាសផ្អាកតំបន់ទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕
អត្ថបទ ៖ សាវី


