ទិវាពលកម្មអន្តរជាតិនៅអាមេរិកឡាទីន កាលពីថ្ងៃពុធ (០១ ឧសភា) បានមើលឃើញកម្មកររាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីធំៗ ដើម្បីបន្តការតស៊ូទាមទារសិទ្ធិការងារ និងការគាំទ្ររបស់ពួកគេ។

នៅរដ្ឋធានី ប៊ុយណូស៊ែរ របស់អាហ្សង់ទីន គេឃើញមនុស្សម្នារាប់ពាន់នាក់ដើរកាន់បដា និងផ្ទាំងអក្សរ ហើយក្រុមបាតុករ និងសហជីពបានស្រែករិះគន់រដ្ឋាភិបាលចំពោះភាពក្រីក្ររបស់កម្មករ ខណៈដែលអតិផរណាជិតឈានដល់កម្រិត ៣០០ ភាគរយ។

នៅរដ្ឋធានី បូហ្គោតា របស់កូឡុំប៊ី មនុស្សរាប់ម៉ឺននាក់បានដើរដង្ហែក្បួនគាំទ្រកំណែទម្រង់ដែលស្នើឡើងដោយលោកប្រធានាធិបតី ហ្គាស្តូវ៉ូ ផេត្រូ (Gustavo Petro) ដែលនិយាយថានឹងដោះស្រាយវិសមភាព ប៉ុន្តែពិបាកឈ្នះការអនុម័តពីសភា។

បាតុកម្មនេះ គឺជាបាតុកម្មចុងក្រោយបង្អស់នៃការប្រមូលផ្តុំគ្នាប្រឆាំងទៅមកជាបន្តបន្ទាប់ ដែលមួយចំនួនធ្វើឡើងដោយក្រុមប្រឆាំងនឹងកំណែទម្រង់នេះ ដែលពួកគេនិយាយថា នឹងធ្វើឱ្យខូចសេដ្ឋកិច្ច ហើយមួយចំនួនទៀតធ្វើឡើងដោយលោកប្រធានាធិបតី ផេត្រូ ដែលគាំទ្រកំណែទម្រង់។
ជាមួយគ្នានេះ នៅក្នុងរដ្ឋធានីប្រទេសប៉េរូ ក្រុមអ្នកតវ៉ាបានរិះគន់ «ការកេងប្រវ័ញ្ច» «អសន្តិសុខការងារ» និង «ភាពមិនផ្លូវការ» នៅក្នុងប្រព័ន្ធការងាររបស់ប្រទេសអាមេរិកឡាទីនមួយនេះ៕