រដ្ឋាភិបាល និងកាកបាទក្រហម បាននិយាយកាលពីថ្ងៃពុធថា ទឹកជំនន់ និងបំណាក់ដី នៅទូទាំងប្រទេសកេនយ៉ា បានបណ្តាលឲ្យមនុស្ស១៨១នាក់ស្លាប់ ចាប់តាំងពីខែមីនា ដោយរាប់សែននាក់ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ពួកគេ ខណៈមនុស្សច្រើននាក់ទៀត បានស្លាប់នៅក្នុងប្រទេសតង់ហ្សានី និងប៊ូរុនឌី ដែលនៅជិតខាង។

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានបំផ្លាញលំនៅឋានជាច្រើនខ្នង បំផ្លាញផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទូទាំងតំបន់។
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសកេនយ៉ា បានកើនលើសពីចំនួនអ្នកស្លាប់ដោយទឹកជំនន់ បង្កឡើងដោយបាតុភូតអាកាសធាតុ អែលនីញ៉ូ(El Nino) កាលពីចុងឆ្នាំមុន។

នៅទីក្រុង Mai Mahiu ភាគកណ្តាលប្រទេសកេនយ៉ា ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ៤៨ នាក់បានស្លាប់ ក្នុងទឹកជំនន់ដ៏គំហុកកាលពីថ្ងៃចន្ទ សាកសពពីរនាក់ ត្រូវបានរកឃើញពីកម្ទេចកម្ទីកាលពីថ្ងៃពុធ។ បុគ្គលិកយោធា ដែលអមដោយសត្វសុនខហិតក្លិន បានចូលរួមក្នុងការស្វែងរកនេះ។
កាកបាទក្រហមប្រទេសកេនយ៉ា បាននិយាយនៅលើបណ្តាញX ថា នៅទីក្រុង គីតេនជែលឡា(Kitengela) ដែលមានចម្ងាយ៣៣គីឡូម៉ែត្រ ពីទីក្រុង Nairobi បុគ្គលិកកាកបាទក្រហមប្រទេស កេនយ៉ា កំពុងជួយជួយសង្គ្រោះប្រជាជនដែលលំនៅឋានរបស់ពួកគេត្រូវបានជន់លិចដោយទឹកជំនន់។ ពួកគេ ក៏កំពុងព្យាយាមជួយសង្គ្រោះអ្នកទេសចរដែលជាប់ខ្លួននៅក្នុងជំរំ នៅតំបន់ Narok មានចម្ងាយ២១៥គីឡូម៉ែត្រ ពីទីក្រុង Nairobi។
អាជ្ញាធរផ្លូវជាតិរបស់ប្រទេសកេនយ៉ា បាននិយាយថា ពួកគេបានបិទកំណាត់ផ្លូវហាយវ៉េមួយចំនួន ចូលទៅកាន់ទីក្រុង ហើយយ៉ាងហោចណាស់ផ្លូវបីខ្សែផ្សេងទៀតនៅក្នុងប្រទេស អាចនឹងត្រូវទឹកជន់លិច និងមានកម្ទេចកម្ទី។