ក្រសួងមហាផ្ទៃរបស់ប្រទេសហ្ស៊កហ្ស៊ីបាននិយាយកាលពីថ្ងៃពុធទី១ឧសភាសប្ដាហ៍នេះ ថាមនុស្សជាង៦០នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ អំឡុងការប្រមូលផ្តុំមួយកាលពីយប់ថ្ងៃអង្គារនៅក្នុងរដ្ឋធានី ប៊ីលីស៊ី (Tbilisi) ប្រឆាំងនឹងសេចក្ដីស្នើច្បាប់ស្ដីពី ភ្នាក់ងារបរទេស ដ៏ចម្រូងចម្រាស។

សភាហ្ស៊កហ្ស៊ី កាលពីថ្ងៃពុធទី១ឧសភា បានអនុម័ត អំណានទី២នៃសេចក្ដីស្នើច្បាប់ស្ដីពីភ្នាក់ងារបរទេស ដែលត្រូវបានរិះគន់ថាជាគំនិតរបស់រុស្ស៊ី ខណៈនគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបោសសម្អាតក្រុមបាតុករប្រឆាំងសំណើច្បាប់នេះ។

ដោយនិយាយថា ក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រមូលផ្តុំនៅមុខសភាហ្ស៊កហ្ស៊ីនៅម៉ោង ៦ ល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក សេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើបាននិយាយថា ក្រុមអ្នកតវ៉ា បានចាប់ផ្តើមបិទផ្លូវចូល និងចេញក្រៅអគារសភា បន្ទាប់ពីម៉ោងប្រហែល ៩ យប់ម៉ោងក្នុងស្រុក ។
ទោះបីជាមានការអំពាវនាវជាច្រើនដងដោយកងកម្លាំងនគរបាល ក៏ដូចជាសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ មិនឱ្យបិទអគាររដ្ឋបាល និងបន្តការតវ៉ាក្នុងក្របខ័ណ្ឌដែលបានកំណត់ដោយច្បាប់ក៏ដោយ ក៏ក្រុមបាតុករទាំងនោះ ពុំបានគោរពតាមការណែនាំរបស់មន្ត្រីអនុវត្តច្បាប់ និងបន្តបិទច្រកចេញចូលដដែល។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការប្រឈមដាក់គ្នាបានកើតឡើងរវាងនគរបាល និងក្រុមបាតុករ ដែលបានវាយដំលើមន្ត្រីនគរបាលទាំងផ្លូវកាយ និងការតេះដៀល ព្រមទាំងបានគប់វត្ថុធ្ងន់ៗ ដូចជាដុំថ្ម នឹងដបទឹកទៅលើកងកម្លាំងនគរបាល។
គួរម្លឹកថា ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងកាលពីខែមុនក្នុងប្រទេសហ្ស៊កហ្ស៊ី បន្ទាប់ពីសភាបានចាប់ផ្តើមពិចារណាឡើងវិញលើសំណើច្បាប់ស្ដីពីភ្នាក់ងារបរទេស ដែលដាក់ចេញដោយគណបក្ស កាន់អំណាច ក្ដីស្រមៃហ្ស៊កហ្ស៊ី (Georgian Dream) ។ សំណើរនេះតម្រូវឱ្យអង្គការ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលបានច្រើនជាង ២០% នៃមូលនិធិរបស់ពួកគេពីបរទេស ចុះបញ្ជីជាមួយរដ្ឋ ហើយក៏តម្រូវឱ្យពួកគេចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំផងដែរ៕